អភិបាលខណ្ឌចំការមនចុះចែកអំណោយ ជូនប្រជាជនតាមខ្នងផ្ទះនិងផ្សព្វផ្សាយពីវិធានការបង្កាទប់ស្កាត់មេរោគកូវីដ១៩

លោកអភិបាលខណ្ឌចំការមនត្រៀម២០០បន្ទប់ សម្រាប់ដាក់កម្មករ នៅដោយឡែកពេលវិលត្រឡប់មកពីស្រុកកំណើតដោយបង្កាទប់ស្កាតជម្ងឺកូវីដ១៩
ភ្នំពេញ ៖ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិដោយលើកឡើងថាខាងអាជ្ញាធរខណ្ឌបានត្រៀមបន្ទប់ប្រមាណ២០០បន្ទប់ ដើម្បីត្រៀមទុកអោយបងប្អូនកម្មករ ដែលទើបវិលត្រឡប់មកពីស្រុកកំណើត ពួកគាត់វិញដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩និងកំពុងបន្តផ្សព្វផ្សាយអោយប្រជាជនធ្វើអនាម័យ និង មើលថែទាំសុខភាពអោយជាប្រចាំ ដើម្បីចៀសផុតពីការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនលើកឡើងបែបនេះខណៈពេលលោកអភិបាលខណ្ឌបន្តចុះចែកអំណោយសប្បុរសធម៌ជូនប្រជាជននៅខ្នងផ្ទះនិមួយៗនៅសង្កាត់បឹងត្របែកនិងសង្កាត់ទួលទំពូងទី១ព្រមទាំងធ្វើការផ្សព្វផ្សាយដោយស្ដីពីវិធានការ ៖ស្តីពីការបង្ការ ទប់ស្កាត់នៃការឆ្លងរាលដាលជំងឺ កូវីដ១៩នៅតាមខ្នងផ្ទះប្រជាជននៅសង្កាត់២ខាងលើនេះកាលពីព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០២០នេះ។
លោក ថេង សុថុលអភិបាលខណ្ឌចំការមនបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែមានការគិតគូរ ដោយយកចិត្តទុកដាក់ អំពីសុខទុក្ខបងប្អូនប្រជាជននិងមិនទុកឱ្យប្រជាជនយើង ណាម្នាក់អត់ស្បៀងអាហារនោះទេ គឺត្រូវធ្វើយ៉ាងណាជួយ ប្រជាជនអោយទាន់ពេលវេលាពិសេសបងប្អូនប្រជាជនក្រីក្រ និងជនចាស់ជរា គ្មានទីពឹងជនពិកាជួបការលំបាក និងជនងាយរងគ្រោះ ,ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខណ្ឌ ចំការមនថេង សុថុលក៏បានផ្តាំផ្ញើដល់ប្រជាជន ត្រូវតែខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវ អនាម័យល្អពោលគឺ ហូបស្អាត ,ផឹកស្អាត កន្លែងបម្រើការងារត្រូវស្អាតជានិច្ចនិងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង កូវីដ១៩ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
វិធានការទាំងនោះ រួមមាន៖
១~ត្រូវលាងដៃនិងសាប៊ូទឹកស្អាត ឬទឹកអាល់កុល ឲ្យបានញឹកញាប់។
២~នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។
៣~ត្រូវកាត់បន្ថយការជួបជុំគ្នាដោយច្រើននាក់។
៤~ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។
៥~ចំពោះអ្នកទើបត្រឡប់មកពីស្រុក កំណើតត្រូវរាយការណ៍មកអាជ្ញាធរ មូលដ្ឋានដើម្បីណែនាំឲ្យគាត់នៅដាច់ដោយឡែកពីគេឬក្រុមគ្រួសាររយៈ១៤ថ្ងៃ ។ បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួនត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
ចំពោះអំណោយដែលយកមកផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្គរ ១បាវ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ, ស្ករស, ទឹកដោះគោខាប់ និងមីផងដែរ៕