អគ្គិភ័យឆាបឆេះផ្ទះ មន្ត្រីបម្រើការនៅសាលារាជធានីភ្នំពេញ នៅភូមិចម្រើនផល
ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះមន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង១០នាទីទៀបភ្លឺ ថ្ងៃទី ២២ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ ៧៧BTភូមិចំរើនផល២សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ ពុត សោភ័ណ្ឌ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជា មន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញ ប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ ១០ម៉ែត្រគុណ១៨ម៉ែត្រ ។ ចំពោះការខូចខាតសម្ភាររួមមាន ៖ ឆេះម៉ូតូចំនួន៥គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង សម្ភារប្រើប្រាសអស់ទាំស្រុង និងពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ តែ មិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសឡើយ ។ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ ។
ក្នុងការឆាបឆេះនេះដែរ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៦ឡានស្មើនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយ រួមមាន ក្រសួងមហាផ្ទៃ ចំនួន៣ គ្រឿងប្រើប្រាស់ទឹកអស់៣ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ១ប្រើប្រាស់ទឹកអស់១ឡានស្មើនឹង៦ម៉ែត្រគូប ៕