អភិបាលខណ្ឌច្បារអំពៅ សំណេះសំណាលនិងផ្តល់កញ្ចប់អាហារដល់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ១០០គ្រួសារ ក្នុងរដូវរ៉ាម៉ាឌន
(ភ្នំពេញ)៖ ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID-19) លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់ប្រជាពលរដ្ឋ ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំរបស់ឥស្លាម ឬហៅតាមកនអ៊ីម៉ាំសាន់ថា ចូលបួសហ្គាម៉ឺវ៉ាន ដែលគ្រោងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជេីញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ១០០គ្រួសារ ក្នុងសង្កាត់ព្រែកប្រា ដោយក្នុងមួយគ្រួសារទទួលបាន អាហាររ៉ាម៉ាទន ចំនួន ១ឈុត ដែលរៀបចំនៅក្នុងបរិវេណអនុវិទ្យាល័យព្រែកប្រា ។
ដូចក្នុងនោះ លោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងសំណេះសំណាល និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដូចខាងក្រោម ៖
១~ផ្អាកការពិសារអាហារស្រាយបួស នៅវិហារ ដោយសូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
២~ផ្អាកការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) នៅតាមវិហារ តែសូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ រហូតដល់មានសេចក្ដីជូនដំណឹងពីរាជរដ្ឋាភិបាល
៣~ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
៤~ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។
លោកអភិបាលខណ្ឌ បានណែនាំទៀតថា បើករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ។
