ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តជាឯកច្ឆន្ទ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន
ភ្នំពេញ ៖ បន្ទាប់បីបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ពេញមួយព្រឹកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។
បើតាមយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។
ជាលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ក្នុងសម័យប្រជុំសាមញ្ញនៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័ត កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ហើយច្បាប់នេះ បានបញ្ជូនទៅដល់ដៃរដ្ឋសភា កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ហើយក៏ត្រូវបានបានរដ្ឋសភា ជាតិសម្រេចអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដោយសំឡេងគាំទ្រ១១៥/១១៥ សំឡេង ។
សូមរំលឹកជូនថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា។សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋាន គតិយុត្ត ដើម្បីធានាដល់ការ អនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្ត កំណត់សិទ្ធិអំណាច របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព របស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន ។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាស ដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាល មានសិទ្ធិដាក់ចេញ ក្នុងពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើង នៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារស វិមានរដ្ឋចំការមន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺលើអត្ថបទច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ការឆ្លើយបំភ្លឺនេះ ធ្វើឡើងចំពោះមុខ ឯកឧត្តម អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង ជាសមាជិករាយការណ៍ ដោយមានវត្តមាន សម្តេច ឯកឧត្តម ជាសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញចូលរួម។
ការអញ្ជើញ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺនេះ គឺធ្វើឡើងស្របតាមមាត្រា ២១ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ៕