សប្បុរសជនបានប្រគល់ម៉ាស ចំនួន២ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន ៥០០យូ ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ អំណោយជាម៉ាសនិងទឺកបរិសុទ្ធជាច្រើនម៉ាសនិងជាច្រើនយូត្រូវបានប្រគល់និងទទួលដោយ លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកPeng Ting Gang ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ២៨ខែមេសាឆ្នាំ ២០២០នេះនៅសាលារាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ–១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយមានបញ្ហាប្រឈមនឹងជំងឺនេះផងដែរនោះ។
អំណោយសប្បុរសធម៌ដែលបានទទួលនៅព្រឹកថ្ងៃទី ២៨ខែមេសានេះ រួមមានម៉ាសចំនួន២ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន ៥០០យូ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ។
ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Peng Ting Gang ព្រមទាំងសហការីដែលបានឧបត្ថម្ភជាម៉ាសនិងទឹកបរិសុទ្ធខាងលើនេះដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ–១៩។ តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ–១៩ ៕