ជិះម៉ូតូបុករឺម៉កម៉ូតូដឹកបន្លែ ស្លាប់ភ្លាម នៅផ្លូវ១១០ឃុំពង់ស្វាយ
កណ្ដាល៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូ១គ្រឿងបើកបរដោយយុវជនម្នាក់ ក្នុងល្បឿនដ៏លឿនដូចហោះក្នុងទិសដៅបើកបានជិះបញ្ច្រាសចូលក្នុងចំណែកផ្លូវខាងស្តាំ បុកទៅនឹងរឺម៉កដឹកបន្លែយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
តាមប្រភពពីអ្នកឃើញហេតុការណ៍ខាងលើនោះនិយាយថានាមុនពេលកើតហេតុ ខាងលើនោះគេឃើញរ៉ឺម៉កដឹកបន្លែ១គ្រឿងបានបើកក្នុងល្បឿនល្មម និងប្រកាន់ស្តាំត្រឹមត្រូវ ។ប៉ុន្តែ រំពេចនោះ ដោយឃើញម៉ូតូ១គ្រឿងបើកបោះពួយយ៉ាងលឿន ចូលមកយ៉ាងចំ អ្នកបើករ៉ឺម៉កក៏បានរ៉េចង្កូតមកខាងធ្វេង ។ ទោះយ៉ាងណា ការព្យាយាមគេចរបស់គាត់ពុំអាចធ្វើបានទាន់ពេលវេលាបានទេ ព្រោះថាម៉ូតូនោះបានមកដល់ទៅហើយ ដែលជាហេតុធ្វើឲ្យបុកគ្នាយ៉ាងពេញទំហឹងតែម្តង។
គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវលេខ១១០ ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្កណ្តាល ។
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ពុក វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកម៉ូតូម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ផ្លាក លេខ ភ្នំពេញ ១X-៣៣៥១ ក្នុងទិសដៅពីភ្នំពេញទៅស្រុកស្អាង តាមផ្លូវលេខ១១០ ក្នុងល្បឿនដ៏លឿន។ ចំណែកអ្នកបើករ៉ឺម៉កដឹកបន្លែ មានឈ្មោះ ឌឿន ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលដឹកបន្លែឲ្យគេ មានទីលំនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដោយបើកបរក្នុងទិសដៅផ្ទុយគ្នាពីស្រុកស្អាងទៅភ្នំពេញ។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោក ក៏បានមកដល់កន្លែងកើតហេតុ ធ្វើការវាសវែង ហើយយកម៉ូតូ និង រ៉ឺម៉ក់ ទៅរក្សាទុកនៅផ្នែកចរាចរណ៍ស្រុកកៀនស្វាយដើម្បីរក្សាទុកជាវត្ថុតាង និងបានប្រគល់សពយុវជននោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ៕