ជនសង្ស័យបានសារភាព ប្រាប់នគរបាល ពីករណីគំរាមរំលោភកម្មការិនីម្នាក់ ដោយសារជនរងគ្រោះមិនព្រម ទើបសម្លាប់
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញរបាយការណ៍លម្អិត ស្តីពីករណីឃាតកម្មគិតទុកជាមុន (យកកូនកាំបិតចាក់ ជ្រុញ និងឆ្នាំងបាយ វាយបណ្តាលឲ្យស្លាប់នារីម្នាក់ ។ ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយគំរាមជនរងគ្រោះ ដើម្បីចាប់រំលោភសេពសន្ថវៈ ប៉ុន្តែជនរងគ្រោះប្រកែកមិនព្រម ក៏ត្រូវជនល្មើសវាយសម្លាប់ ដើម្បីកុំឲ្យបែកការណ៍។ ករណីនេះកើតឡើង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣និង០០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង មុខរបរកម្មករសំណង់ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មការិនីរោងចក្រ (ស្លាប់ មានស្នាមចាក់ដោយកាំបិតត្រូវដើមទ្រូង ខ្នងនិងបំពង់ក ជាច្រើនកន្លែង និងស្នាមបែកក្បាលពីក្រោយ)។
វត្ថុតាងចាប់យក ៖ ឆ្នាំងបាយប្រឡាក់ឈាម ចំនួន ០១ , ជ្រញ់ប្រឡាក់ឈាម ចំនួន ០១ ។
អធិការនគរបាលខណ្ឌ បានបញ្ជាក់ពីហេតុការណ៍នេះថា ៖ “កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣និង២០នាទី ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បានយកកូនកាំបិទចិតបន្លែ ដើរចូលបន្ទប់នារីជនរងគ្រោះ គំរាមចាប់រំលោភ តែនារីជនរងគ្រោះមិនព្រម ក៏ជនសង្ស័យយកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រញ់ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់តែម្តង ។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ទៅលួចម៉ូតូរបស់គេ ក្បែរកន្លែងហេតុ ដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវឃាត់ខ្លួន តែម្តង “។
នៅចំពោះមុខជនសង្ស័យបានសារភាព ប្រាប់នគរបាលឱ្យដឹងថា កាលពីវេលាប្រហែលម៉ោង១រសៀល ថ្ងៃកើតហេតុ ពេលស្ត្រីរងគ្រោះកំពុងសម្រាកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយមិនបានចាក់គន្លឹះទ្វារ ខ្លួនបានឡើងទៅចូលក្នុងបន្ទប់នាងហើយចាក់គន្លឹះទ្វារ និងយកកូនកាំបិតគំរាមឱ្យនាងស្រាតខោចេញ ដើម្បីរួមភេទ ។ ខណៈនោះ ដោយសារការភ័យខ្លាចនាងបានស្រាតខោចេញតាមការគំរាម ។ ចៃដន្យ ខណៈខ្លួនកំពុងស្រាតខោខ្លួនឯងដែរនោះ ភ្លេចខ្លួនមួយភ្លែត ស្រាប់តែនាងបានងើបរត់ទៅបើកទ្វារបម្រុងរត់ស្រែកហៅគេជួយ ខ្លួនក៏ស្ទុះតាមពីក្រោយចាក់ជាច្រើនកាំបិតចុងស្រួចចំកញ្ចឹងកពីក្រោយ ហើយជនរងគ្រោះប្រវាយប្រតប់ជាមួយ រូបគេទាញបានឆ្នាំងសម្លវាយចំកណ្ដាលមុខជាច្រើនបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមតែម្តង ។ បន្ទាប់ធ្វើសកម្មភាពរួច គឺគ្មានអ្នកណាដឹងនោះទេ ខ្លួនរត់ចុះមកក្រោមវិញ យកម៉ូតូនាងជិះចេញទៅ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ វង់ ភារម្យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖កូឡាប