ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការណ៍ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់

15

​បាត់ដំបង​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានការ​ណែនាំ និង​ក្រើនរំលឹក​ឱ្យ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបាត់ដំបង ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់​។​

​ការណែនាំ និង​ក្រើនរំលឹក​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុងពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​
​មន្ត្រីរាជការ​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម និង​សាខា ក​.​ប​.​ប ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សា​ខាក​.​ប​.​ប ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​គោលការណ៍​ណែនាំ​លើ​ការងារ​សំខាន់ៗ​មួយចំនួន ដែល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សម្រេច​ឱ្យបាន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម ដែលជា​អង្គភាព​រដ្ឋបាល​តំណាងឱ្យ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​អនុវត្ត​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ និង​សម្របសម្រួល​តាម​សកម្មភាព​របស់​ក្រសួង​។​

​បន្ថែម​ពីលើ​នោះ​ត្រូវ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​សេវាកម្ម ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​អំឡុងពេល​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩​នេះ និង​ត្រូវ​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​នានា ដែល​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម តួយ៉ាង​ដូចជា​ការគ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ដែល​ច្បាប់​នេះ​ទើបតែ​ដាក់ឱ្យ​ប្រើប្រាស់ ហើយ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​កំពុង​រៀបចំ​នីតិវិធី​សម្រាប់​គ្រប់គ្រង​ការងារ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តទៀតថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចុះ​ពង្រឹង​ការអនុវត្ត​បទ​ប្បញ្ញត្តិ​នានា ទាក់ទង​នឹង​ការលើក​ស្លាក​យីហោ​ភោជនីយដ្ឋាន ស្ថានីយ​ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​កម្សាន្ត និង​ទីតាំង​ផ្សេងៗ​ទៀត​ដែលមាន​លក្ខណៈ​មិន​សម​ស្របតាម​លក្ខណៈ​ប​ចេ្ច​ក​ទេស​។​ល​។ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​អំពី ការ​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត ត្រូវ​ចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង កុំ​ចាំតែ​ក្រុមការងារ​ពង្រឹង​មន្ទីរ​ថ្នាក់ជាតិ​ចុះមក​ធ្វើ​។ ជាពិសេស​ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង​៕

អត្ថបទដែលជាប់ទាក់ទង