ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

GMAC បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុបដើម្បី​ពន្យារពេល​ក្នុង​ការ​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​លើ​កម្មវិធី EBA

117

 

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់
​សហភាព​អឺរ៉ុប ( EU ) ដើម្បី​ពន្យារពេល​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​លើ​កម្មវិធី EBA (​ទំនិញ​គ្រប់​ទំនិញ​លើកលែងតែ​អាវុធ )
ដោយសារ​តែ​ពេល​នេះ​វិស័យ​កាត់ដេរ​កម្ពុជា បាន​រង​ទុក្ខ​រួច​ទៅ​ហើយ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ ដែល​ធ្វើ​អោយ​កម្មករ កម្មការិនី​រោងចក្រ
​កាត់ដេរ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ។

យោង​តាម​សេចក្តី​ព័ត៌មាន​របស់ GMAC នៅ​ថ្ងៃ​ទី​០២ មិថុនា ២០២០ នេះ​បានអោយ​ដឹង​ថា ចាប់តាំងពី​មានការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩
រោងចក្រ​ជាង ២៥០​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផ្នែក​ខ្លះ​នៃ​សម្ភារៈ​ធ្វើ​ដំណើរ ត្រូវ​បាន​ព្យួរ
​ប្រតិបត្តិការ ។ កម្មករ​ជាង​១៣​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​នេះ ដែល​ភាគច្រើន​ជា​ស្ត្រី​ក៏​បាន​បាត់បង់​ការងារ​ហើយ​ចំនួន​នេះ​នឹង​បន្ត​ថែម​ទៀត ។

លោក Ben Kao អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​អោយ​ដឹង​ថា ក្នុង​រយៈពេល​ខ្លី​នេះ ការ
​បញ្ជា​ទិញ​ពី​ហាង​ម៉ាក​ល្បី​ៗ នៅ​សហភាព​អឺរ៉ុប​និង​អា​មេ​រិ​ក​ខាងត្បូង​ទំនងជា​មានការ​ប្រឈម​ខ្លាំង ហើយ​អាច​មានការ​លុប​ចោលការ
​បញ្ជា​ទិញ​ពីព្រោះ​តែ​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​បណ្ដា​ប្រទេស​ទាំងនោះ ។ តាម​ការ​ព្យាករណ៍​ក្នុង​ត្រីមាស
​ទី​២​នៃ​ឆ្នាំ​២០២០​នេះ ខ្សែ​ច្រ​វ៉ា​ក់​ផលិត​នៃ​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង
​ថមថយ​៥០​ទៅ​៦០​ភាគរយ​ទៀត​ធៀប​នឹង​ឆ្នាំ ២០១៩ ហើយ​ក៏​រំពឹង​ថា​វា នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ នៅ​មុន​ឆ្នាំ ២០២១ ។ ទាំងនេះ​នឹង​អាច
​ធ្វើ​អោយ​គ្រួសារ​រាប់រយ​ពាន់​គ្រួសារ​មាន​ហានិភ័យ​បាត់បង់​ការងារ​ហើយ​ក៏​នឹង​អាច​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា​រាប់​លាន ត្រលប់​ទៅ​រក​ភាព
​ក្រីក្រ​វិញ​។

លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ក៏​បានអោយ​ដឹង​ថា នៅ​ក្នុង​សេចក្តីសម្រេច
​របស់​សហភាព​អឺរ៉ុប​បាន​កំណត់​ថា​នៅ​ថ្ងៃ​ទី​១២ ខែសីហា ២០២០​នេះ សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ខ្លះ​ពី​កម្ពុជា
ដោយ​ក្នុង​នោះ​ដែរ ផលិតផល​សម្លៀក​បំពាក់​២០​ភាគរយ និង​ស្បែក​៣០​ភាគរយ​ត្រូវ​បាន​ប៉ះពាល់​និង​តម្រូវ​អោយ​មានការ​បង់ពន្ធ
បើសិនជា​នាំ​ទៅ​កាន់​អឺរ៉ុប ។

លោក​បញ្ជាក់​ថា បើសិនជា​សេចក្តីសម្រេច​របស់​អឺរ៉ុប​នៅ​តែ​បន្ត កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជា​ទិញ​ថែម​ទៀត ហើយនឹង​ធ្វើ​អោយ​បាត់បង់
​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បន្ថែម ហើយ​ការ​បាត់បង់​នេះ​នឹង​មិន​ត្រលប់​មក​វិញ​ជា​ដាច់ខាត ។ សហភាព​អឺរ៉ុប
​គួរតែ​ពន្យារពេល​ក្នុង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល ខ្លួន​បាន​កំណត់​ក្នុង​ខែ សីហា​ខាង​មុខ​នេះ បើ​មិន​ដូច្នេះ​ទេ វិស័យ​នេះ​នឹង​ធ្លាក់
​កាន់តែ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក ៕

អត្ថបទដែលជាប់ទាក់ទង