ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញបានដាំកូនឈើធ្នុង ចំនួន១០០ដើម បន្ថែមទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល

91

ភ្នំពេញ៖ ដើម្បីឱ្យរាជធានីភ្នំពេញជារាជធានីមួយមានពណ៌បៃតង មានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើប្រមាណជាងប្រាំម៉ឺនដើមហើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល អភិបាលរងបានសហការជាមួយ មន្រ្តីនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដឹកនាំមន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ប្រជាការពារសង្កាត់ និងកំលាំងសន្តិសុខសាលាខណ្ឌចូលរួមដាំកូនឈើដើមធ្នុងចំនួន១០០ដើម បន្ថែមទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បី
លើកកម្ពស់ សោភ័ណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ។
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអោយដឹងថា កូនឈើទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហើយជាគម្រោងរបស់លោកអភិបាលរាជធានី គ្រោងនឹងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំនែកថែរក្សាបរិស្ថានតាមដងផ្លូវ និងព្រមទាំងរួមចំនែកបង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា៖ នៅក្នុងឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើ ប្រណិតៗ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ( មហាវិថីសម្ដេចតេជោហ៊ុន សែន) បានចំនួន ១៥០០០ ដើម នៅតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានចំនួន៣០០ ដើមនៅក្នុងមូលដ្ឋានខណ្ឌកំបូលមានចំនួន៥០០ដើម នៅគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញមានចំនួន៣០០ដើម ។ សម្រាប់ដើមឈើដែលបានដាំ តាំងពីមុន និងដើមឈើដែលបានដាំបន្ថែមនាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានដើមឈើសរុបប្រមាណជា៤៥០០០ដើម ទៅ៥ ម៉ឺនដើមហើយ។
ដើមឈើទាំងអស់មិនត្រឹមតែបានលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងមានពណ៌បៃតងប៉ុណ្ណោះទេ ប៉ុន្តែដើមឈើមានសារៈប្រយោជន៍យ៉ាងច្រើនទៅលើផ្នែកបរិស្ថាន ជួយកាត់បន្ថយជាតិពុល ដែលកើតចេញពីយានយន្តនានាដែលបាននិងកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ ៕

 

អត្ថបទដែលជាប់ទាក់ទង