ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី​បរិស្ថាន​៖​សត្វ​ត្មាត​ចំនួន ៣៤ ក្បាល​បាន​ចុះមក​ស៊ី​សត្វ​គោ​ងាប់ ហើយ​សំបូរ​ជាងគេ​នៅ​ស្រុក​សៀម​ប៉ាង​

57

 

​វិហារ​៖ លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ បាន​ចូលរួម​បើក​ការ ជំរឿន សត្វ​ត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា ដែល​ធ្វើឡើង​នៅក្នុង​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ ដោយមាន​ការចូល រួម​ពី​អាជ្ញាធរខេត្ត មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​។
​ការ​ជំរឿន​របាយ​ប្រជាជន​សត្វ​ត្មាត​នេះ​សហការ​រៀបចំឡើង​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​ក្រសួងបរិស្ថាន​ត្រូវបានធ្វើ​នៅក្នុង​តំបន់​ចំនួន ៥ កន្លែង​ដែលមាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ការ​ជម្រឿន​សត្វ​ត្មាត​បានធ្វើ​ឡើង នៅ​ចំនួន ៥ ទីតាំង​ផ្សេងគ្នា​រួមមាន នៅ​សៀម​ប៉ាង ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ ស្ថិតនៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី នៅ​ស្រែ​អង្ក្រង​ក្នុង​តំបន់​សេសា​ន​នៅ​ស្ទឹងត្រែង និង​ដែនជម្រកសត្វព្រៃ​លំផាត់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​។​
តាម​ការ​ឱ្យដឹង​របស់​លោក នេត្រ ភក្ត្រា ដែល​បាន​ចូលរួម​សង្កេត​ដោយផ្ទាល់​នៅ​នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ ស្ថិតនៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា បាន​ថ្លែងថា​សត្វ​ត្មាត​ចំនួន ៣៤ ក្បាល​បាន​ចុះមក​ស៊ី​សត្វ​គោ​ងាប់​ដែលជា​ចំណី​រៀបចំ​បន្ថែម​ដោយ​អង្គការ WCS ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​គម្រោង​ព្រៃ​ឡង់​បៃតង ក្នុងនោះ​សត្វ​ត្មាតផេះ​ចំនួន ៩ ក្បាល ត្មាតភ្លើង​ចំនួន ៣ ក្បាល​និង​ត្មាត​ត្មោ​ត​ចំនួន ២២​ក្បាល​។ ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ពី​លទ្ធផល​ជ​ម្រើ​ន​នៅ​តំបន់​ផ្សេងទៀត​នៅឡើយ​ទេ​។ ការ​ជម្រឿន​កាល​ខែធ្នូ​ឆ្នាំ ២០១៩ កន្លងទៅ នៅ​ទីតាំង​ដដែល​នេះ មាន​សត្វ​ត្មាត​ចំនួន ៤៤ ក្បាល​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការធ្វើ​ជម្រឿន​រាប់​ចំនួន​សត្វ​ត្មាត​ពេលនេះ​គឺមាន​សារៈសំខាន់​ណាស់​ដើម្បីឱ្យ​បានដឹង​ចំនួន​ពិត​នៃ​សត្វ​ត្មាត​នៅ​កម្ពុជា និង​ស្ថានភាព​នៃ​ការវិវត្ត​ជុំវិញ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។ បើតាម​ការឱ្យ​ដឹង​រប​ស់លោក នេត្រ ភក្ត្រា លទ្ធផល​ជម្រឿន​សត្វ​ត្មាត​នៅ​ឆ្នាំ ២០១៩ កន្លងទៅ​បង្ហាញថា​កម្ពុ​ជាមាន​សត្វ​ត្មាត​ទាំង ៣ ប្រភេទ មាន​ចំនួន ១៣៧ ក្បាល​ហើយ​តំបន់​ដែលមាន​សត្វ​ត្មាត​ច្រើនជាងគេ​គឺ​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។​
សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុងស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​។​
ដោយសារតែ​សត្វ​ត្មាត​ជាស​ត្វ​កម្រ​ជិត​ផុត​ពូជ​អស់​ពីលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​ត្រូវបាន​គេ​ដឹងថា​នៅមាន​សល់​សត្វ​ត្មាត​ច្រើនជាងគេ​នោះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការពារធម្មជាតិ​នានា​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម និង​ការពារ​សំបុក​ពង​កូន បង្កើន​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​។ ជាមួយគ្នានេះ ក្នុងនាម​ក្រសួងបរិស្ថាន ។ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​ត្មាត​ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន​ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេងទៀត​ជា​អាហារ ហើយ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស វា​ជាការ​ថែរក្សា​មរតក​ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំងមូល ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សម្រាប់​ទេសច​រណ៍​ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង