ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីសហការ ជាមួយអង្គការ JICA នឹងជីកដាក់លូប្រអប់ទំហំ ២ម៉ែត្រx២ម៉ែត្រ តាមបណ្ដោយតិរិវិថីព្រះស៊ីសុវត្ថិ ដែលជា គម្រោងការពារទឹកជំនន់ ជំហានទី៤ របស់ប្រទេសជប៉ុន

75

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអង្គការ JICA នឹងជីកដាក់បណ្ដាញលូប្រអប់ទំហំ ២ម៉ែត្រx២ម៉ែត្រដែលស្ថិតក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន

   ពាក់ព័ន្ធនិងគម្រោងនេះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនិងវិស័យឯកជនចូលរួមសហការ ធ្វើយ៉ាងណាអោយការអនុវត្តនូវគ្រោងនេះទទួលបានជោគជ័យ នាព្រឹកថ្ងៃពុធ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌដូនពេញ លោក  សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ  និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគម្រោងដាក់បណ្តាញលូនេះ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋាន និងទីតាំង តាមបណ្ដោយតិរិវិថី ព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨  ដល់ផ្លូវលេខ៩០ ដើម្បីអោយប្រជាពលរដ្ឋបានដឹងនឹងចូលរួមសហការជាមួយអាជ្ញាធរនិងអង្គការចៃការ។

   លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា នៅសាលាខណ្ឌដូនពេញនាព្រឹកថ្ងៃពុធ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ យើងបានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងដាក់បណ្តាញលូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានាដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្ដោយតិរិវិថី ព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨  ដល់ផ្លូវលេខ៩០ ដែលនឹងត្រូវជីកដាក់បណ្ដាញលូប្រអប់ទំហំ ២ម៉ែត្រx២ម៉ែត្រ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ។ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក  សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ  និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីតំណាង អង្គការ JICA ក្រុុមហ៊ុនTOA Corporation រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ចំនួន១០០នាក់ចូលរួមផងដែរ។

     គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

   គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះរួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក  ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក៕

 

អត្ថបទដែលជាប់ទាក់ទង