ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្ដើម ប្រមូលចំណូលសួយសារធនធានរ៉ែ ពីការប្រើប្រាស់ធនធានរ៉ែសំណង់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ

170

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 បានចេញ ប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រងនិងការប្រមូលចំណូលសួយសារធនធានរ៉ែពីការប្រើប្រាស់ធនធានរ៉ែសំណង់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ។

បើតាមប្រកាសរបស់អន្តរក្រសួងមានគោលបំណងគ្រប់គ្រងប្រតិបត្តិការធនធានរ៉ែសំណង់ដូចជាគ្រួសថ្មខ្សាច់ឡាតេរីត អាចម៍ដី ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនិងការប្រមូលសួយសារពីការប្រើប្រាស់ធនធានរ៉ែសំណង់ទាំងនេះឲ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាព។

ប្រកាសនេះមានវិសាលភាពគ្របដណ្ដប់លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឲ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជាគម្រោងសាងសង់ផ្លូវស្ពានទំនប់ធារាសាស្រ្តស្ថានីយវារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។

អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទោះជាអង្គភាពរដ្ឋឬឯកជនក្តី ដែលយកធនធានរ៉ែសំណង់មកប្រើប្រាស់ដោយផ្ទាល់ក្នុងការសាងសង់ត្រូវមានអាជ្ញាប័ណ្ណធនធានរ៉ែស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែនឹងត្រូវធ្វើការប្រកាសសួយសារនិងបង់ចំណូលសួយសារលើតម្លៃធនធានរ៉ែជូនរដ្ឋស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋត្រូវធ្វើការប្រកាសសួយសារនៅអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពលឬនៅមន្ទីររ៉ែនិងថាមពលរាជធានីខេត្តដែលទីតាំងការដ្ឋានយកធនធានរ៉ែសំណង់នោះស្ថិតនៅហើយត្រូវបង់ថ្លៃសួយសារលើតម្លៃធនធានរ៉ែតាមលិខិតបញ្ជាបង់ប្រាក់ចំណូលលើតម្លៃធនធានរ៉ែដែលចេញដោយអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពលឬមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត។

អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទោះជាធ្វើប្រតិបត្តិការធនធានរ៉ែសំណង់ដោយខ្លួនឯងឬទិញពីទីផ្សារហើយមានបំណងរួចពីកាតព្វកិច្ចបង់សួយសារអង្គភាពអនុវត្តគម្រោងនោះត្រូវស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងករណីដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកំណត់ថាកាតព្វកិច្ចបង់សួយសារលើធនធានរ៉ែសំណង់ជាបន្ទុករបស់រដ្ឋនោះអង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនៅតែមានកាតព្វកិច្ចក្នុងការប្រកាសអំពីបរិមាណធនធានរ៉ែសំណង់ទាំងអស់ដែលគ្រោងនឹងប្រើប្រាស់ក្នុងការអនុវត្តន៍គម្រោងតាមគោលការណ៍កំណត់របស់ក្រសួងរ៉ែនិងថាមពលដើម្បីជាមូលដ្ឋានក្នុងការគណនាសួយសារដែលជាបន្ទុករបស់រដ្ឋ។ បន្ទុកសួយសារត្រូវបញ្ចូលជាចំណែកមួយនៃថវិកាបដិភាគរបស់រាជរដ្ឋាភិបាលក្នុងគម្រោងហេដ្ឋា រចនាសម្ព័ន្ធរបស់រដ្ឋ។

ករណីធនធានរ៉ែសំណង់ដែលយកមកប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋដែលត្រូវទិញលើទីផ្សារអង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋត្រូវទិញពីក្រុមហ៊ុនឬអាជីវករដែលមានអាជ្ញាប័ណ្ណធនធានរ៉ែត្រឹមត្រូវ។ អង្គភាពនោះទៅធ្វើការប្រកាសបរិមាណនិងប្រភពផ្គត់ផ្គង់ធនធានរ៉ែសំណង់ដែលប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋជូនមកមន្ទីររ៉ែនិងថាមពលរាជធានីខេត្តដែលទីតាំងគម្រោងនោះស្ថិតនៅ។

ការប្រកាសអំពីបរិមាណធនធានរ៉ែសំណង់ត្រូវធ្វើនៅមុនពេលដែលគម្រោងចាប់ផ្ដើមអនុវត្តដោយត្រូវបញ្ជាក់ពីប្រភពទិញធនធានរ៉ែសំណង់នោះនិងត្រូវរាយការណ៍ពីបរិមាណធនធានរ៉ែសំណង់ដែលបានប្រើប្រាស់ជាក់ស្ដែងរៀងរាល់ 6 ខែម្ដងនិងនៅពេលបិទបញ្ចប់ការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង