ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ស ខេង ៖ ការជ្រើសរើស​ក្របខណ្ឌ​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល គឺ​ត្រូវ​ជ្រើសរើស​មនុស្ស​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​

59

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ សម្រាប់​រយៈពេល ៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ចំពោះ​ការជ្រើសរើស​ក្របខណ្ឌ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ ត្រូវ​ជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព ហើយ​រស់នៅក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ ពីព្រោះ​ដោយហេតុថា​ពួកគាត់​ទាំងនោះ​ស្គាល់​មូលដ្ឋាន​ខ្លួនឯង​យ៉ាងច្បាស់ និង​ងាយស្រួល ធ្វើការ​ងារ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ផងដែរ​។
​សម្ដេច​ក្រឡាហោម​បន្ដថា សព្វថ្ងៃនេះ​មន្ដ្រីនគរបាល​នៅតាម មូលដ្ឋាន​ងាយស្រួល​រក​ណាស់ ពីព្រោះ​ក្មួយៗ​មានចំណេះដឹង​ច្រើនណាស់​។ សម្ដេច​ក្រឡាហោម​ក៏បាន​រំលឹក​ដែរ​ថា កាល​សម័យមុន​ប៉ូលិស​មួយចំនួន​មិនចេះ​អក្សរ​ឡើយ ហើយ​នៅ​សម័យ​នោះ រើស​ប៉ូលិស​ឲ្យ​តែ​បាន គ្មាន​គិតពី​ចំណេះ​ឡើយ​។​
​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​លើកឡើង​បន្ថែម​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទាំងអស់​ដែរ​ថា ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ​គឺ​តម្រូវអោយ​មន្ត្រីនគរបាល​របស់​យើង​ត្រូវមាន​ទាំង​បទពិសោធ និង​ចំណេះដឹង ដែល​ចំនុច​ទាំងពីរ​នេះ​ត្រូវ​ដើរ​ទន្ទឹមគ្នា ហើយ​មិន​ត្រូវមាន​អំនួត​ចំពោះ​បុគ្គល​ខ្លួនឯង ទាំង​ដែល​ខ្លួន​គ្មាន​សមត្ថភាព​បំពេញការងារ​បាន​នោះឡើយ​។ ប្រសាសន៍​សម្តេច «​អ្នកខ្លះ​រៀន​ចប់​ហើយ មកសុំ​ស័​ក្កិ ហើយ​សុំ​ល្មមៗ​មិន​អី​ទេ អ្នកខ្លះ​សុំ​ហួសពេក មួយឆ្នាំ​ឡើង​ពីរដង​ក៏មាន តែ​ឲ្យ​ទៅធ្វើ​ការ ធ្វើ​អត់​កើត​»៕​

អត្ថបទដែលជាប់ទាក់ទង