ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស​ម្នាក់​ដើរ​ដាក់​អន្ទាក់​សត្វ និង​រក​ទំពាំង ជាន់មីន​ផ្ទុះ​របួសធ្ងន់​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​

58

 

​បន្ទាយមានជ័យ ៖ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈពេល​ដើរ​ដាក់​អន្ទាក់​សត្វ និង​ជីក​ទំពាំង​នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ករណីនេះ​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​១៥​នាទី ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២៨-២៩ ខាងលិច​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​៖ ក្មេងប្រុស​រងគ្រោះ ឈ្មោះ ឈុំ ខេន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា​៖ នៅ​មុនពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ បាន​ដើរចូល​ទៅក្នុង​ទឹកដី​ថៃ​តាម​បន្ទាត់​ព្រំដែន ត្រង់​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២៨-២៩ នៅ​ចំណុច​ខាងលិច​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មារ ដើម្បី​ដាក់​អន្ទាក់​សត្វ​និង​ដើររក​ជីក​ទំពាំង បាន​ជាន់មីន​បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​ជើង​ទាំង​២​និង​ខ្លួនប្រាណ ។ ក្រោយពី​កើតហេតុ​ក្មេងរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ ជួយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ។​

​ជាមួយគ្នា​នោះដែរ លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ស្រុ​ថ្មពួក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន ពិសេស​កុំទៅ​ជិត​ព្រំដែន​ដើម្បី​រុករក​អនុផល​ព្រៃឈើ​ឬក៏​ដាក់​អន្ទាក់​សត្វ ព្រោះ​ជា​តំបន់​គ្រោះថ្នាក់​សំបូរ​ទៅដោយ​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែល​អាច​បង្ក គ្រោះថ្នាក់​ជាយថាហេតុ ហើយ​ឃើញ​មាន​ស្លាក​សញ្ញា​គ្រោះថ្នាក់​មីន កុំទៅ​ចូល​ព្រៃ​ដែលមាន​ស្លាក​សញ្ញា ហាមឃាត់​ឲ្យ​សោះ ៕​

អត្ថបទដែលជាប់ទាក់ទង