ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាស្នើកូរ៉េជួយបង្កើតទីផ្សារបោះដុំកសិផលជាពិសេសបន្លែ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល

103

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ
បានស្នើដល់លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ជួយបង្កើតទីផ្សារបោះដុំកសិផលជាពិសេសបន្លែ
នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។

ការស្នើនេះធ្វើឡើងក្នុង ជំនួនសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃទី២៦ ខែសីហានេះ។

តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ
ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក្នុងរយៈពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ
ពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ដែលបានស្តែងចេញ
ជាលទ្ធផលយ៉ាងជាក់ច្បាស់ ដូចយើងបានឃើញនាពេលបច្ចុប្បន្ន។

ជាក់ស្តែងគម្រោងចំនួន៣៦ បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស
គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំង នៅខេត្តមណ្ឌលគីរី
ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោត នៅស្ថានីយបន្ទាយដែក សហការអនុវត្ត
ដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី
អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង -ល-។

ដើម្បីរក្សានិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម លោករដ្ឋមន្ត្រី វេង សាខុន បានលើកសំណើរជូនលោកឯកអគ្គរដ្ឋ
ទូតពិនិត្យពិចារណា ដើម្បីធ្វើការគាំទ្រលើការអភិវឌ្ឍ អនុវិស័យសំខាន់មួយចំនួន ដូចជា៖

* ការស្រាវជ្រាវ និងផលិតពូជពោតបំណងបង្កើនផលិតភាពផលិតកម្មពោតកម្ពុជា ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការ
សម្រាប់វិស័យផលិតកម្មចំណីសត្វ
* ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ធានាបរិមាណផ្គត់ផ្គង់ កាត់បន្ថយការនាំចូល
* អភិវឌ្ឍវារីវប្បកម្មទឹកសាប
* ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះ
កំពុងមាននិន្នាការវិវឌ្ឍន៍ រីកចម្រើនយ៉ាងឆាប់រហ័ស ស្របតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម
* ជួយរៀបចំបង្កើតទីផ្សារបោះដុំកសិផល ជាពិសេសបន្លែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល -ល-។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី វេង សាខុន ក៏បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានអនុញ្ញាតឲ្យកសិផលកម្ពុជា
នាំចេញទៅកាន់ទីផ្សារកូរ៉េចំនួន ១៨ប្រភេទ រួចមកហើយរួមទាំងស្វាយកែវរមៀតស្រស់ផង ហើយនៅមាន២មុខទៀត
ដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។

លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលកូរ៉េ តាមរយៈលោកឯកអគ្គរដ្ឋទូត នឹងបន្តជួយគាំទ្រ
ដល់ការអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានការរីកចម្រើនថែមទៀត នាពេលអនាគត។

បន្ទាប់ពីបានទទួលព័ត៌មាន ស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងសមិទ្ធផលសំខាន់ៗ ដែលភាគីទាំងពីរសម្រេចនាពេលកន្លងមក
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ជូនចំពោះលោករដ្ឋមន្រ្តី និងសហការី ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ
ក្នុងការអនុវត្តគម្រោងនានា ទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម។

ជាក់ស្តែងគម្រោងអភិវឌ្ឍវិស័យព្រៃឈើ ផលិតកម្មដំណាំបន្លែ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ផលិតកម្មពូជ ការនាំចេញ
ការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងអនុវត្តទទួលបានលទ្ធផលជាផ្លែផ្កា ហើយសង្ឃឹមថា
គម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច
ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានា
ដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណា
លើគម្រោងថ្មីៗ ដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសនឹងនាំយកនូវរាល់សំណើរបស់ លោករដ្ឋមន្រ្តី វេង សាខុន
ទៅពិនិត្យពិចារណាឲ្យ បានស៊ីជម្រៅ ដើម្បីផ្តល់ការគាំទ្រជាជំហានៗ តាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះ
ឲ្យមានការរីកចម្រើនសមស្រប តាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង
កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ
សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ៕

អត្ថបទដែលជាប់ទាក់ទង