ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកើតឡើងលើក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ ហើយ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ ននោះទេ។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។
ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រើមៈ
១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្ត្រី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩
២. អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដើយឡែកផ្សេងមួយទៀត និង
៣. អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្ត្រី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារ ក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។
បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឬឆ្លងនៅក្នុងក្រុមគ្រួសារ ឬនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕ ដោយ៖កូឡាប