ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ​លើក​ទី​២០ នៃ គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន

125

​ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២០ នៃ គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​, ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA),​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO), សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC), និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​និង​ធុរកិច្ច​នៅ​កម្ពុជា សរុប​ប្រមាណ ១៥០​រូប​។​

កិច្ចប្រជុំ​ទ្វេភាគី​នេះ​ជា​កិច្ចប្រជុំ លើក​ទី​២០ ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង ជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​បាន​ចុះហត្ថលេខា ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯក​យុ​ត្ដម ស៊ីន​ហ្សូ អាប (Shinzo Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧ ដោយ កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​១ បានរៀបចំ​ឡើង នា​ឆ្នាំ​២០០៩​។ កិច្ចប្រជុំ​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​អ្នក វិនិយោគ​ដែល​បានផ្តល់​ឱកាស​ឱ្យ​អ្នកវិនិយោគ​ជប៉ុន​លើកឡើង​ដោយផ្ទាល់​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន តំណាង រាជរដ្ឋាភិបាល​ពិនិត្យ និង​រក​ដំណោះស្រាយ ក្នុង​គោលបំណង ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។​

​កិច្ចប្រជុំ​លើក​ទី​២០​នេះ បាន​ផ្តោត​ការពិភាក្សា​លើ​ចំណុច​អាទិភាព​មួយចំនួន រួមមាន​៖ (១) តម្លៃ​អគ្គិសនី (២) កាតព្វកិច្ច​សារពើពន្ធ (៣) បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​រថយន្ត (៤) វឌ្ឍនភាព​នៃ​ការ ត្រៀម​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ នៅ​ក្រុង​ប៉ោយប៉ែត និង (៥) ការសម្រួល​នីតិវិធី​បញ្ចេញ​ទំនិញ ពី​គយ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម សុខ ចិន្តា​សោភា បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការប្រកាស​លា លែង​ពី​តំណែង​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​រប កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ កន្លង​ទៅដោយ​បញ្ហា​សុខភាព តែ​ឯកឧត្តម​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង កម្ពុជា និង​ជប៉ុន ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យបាន​ល្អប្រសើរ​មួយ កម្រិត​ថែមទៀត​។
​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកវិនិយោគ​ជប៉ុន​ដែល​តែងតែ​ជឿ ជាក់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែលជា​កត្តាចាំបាច់​ដើម្បី​បង្កើត​បរិស្ថាន​វិនិយោគ​ដែលមាន​ភាព​អំណោយផល​។
​បន្ថែម​លើ​នេះ ឯកឧត្តម រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការ វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូល រួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​គោល នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ឱ្យបាន​ត្រឹម​ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ តាងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ឯកឧត្តម ក៏បាន​ថ្លែង អំណរគុណ ដល់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ដែល​កន្លងមក​បានផ្តល់​ការឧបត្ថម្ភ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ ដល់​កម្ពុជា​សម្រាប់​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាល​នៃ​ជំងឺ កូ​វីដ -១៩ ។ ដោយឡែក ឯកឧត្តម​បាន សម្តែង​នូវ​ក្តីសង្ឃឹម ថា​ក្រុមហ៊ុន​អាកាសចរណ៍ ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ជប៉ុន និង កម្ពុជា​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខ ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង ពីរ​មានការ​កើនឡើង​។​

​ជាការ​ឆ្លើយតប ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ូ ឌី​ខា​បី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់​ចំពោះ​ក្តី កង្វល់ និង​សំណូមពរ​របស់​អ្នកវិនិយោគ​ជប៉ុន ដែល​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ថែទាំ​និង​ផ្តល់​ភាពកក់ក្តៅ ដល់​អ្នកវិនិយោគ​គ្រប់រូប​។

​ទន្ទឹមនឹងនេះ ឯកឧត្តម មាន​ជំនឿ​មុតមាំ​ថា ក្រសួង ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ​នឹង​សម្រេច បាន​នូវ​ការឯកភាព​គ្នា​មួយ​នាពេល​ឆាប់ៗ​នេះ ក្នុងការ​សម្រួល​ការធ្វើ​ដំណើរ​ឆ្លងដែន​រវាង​កម្ពុជា​-​ជប៉ុន ដើម្បី​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ស្របតាម​ស្មារតី​នៃ​កិច្ចពិភាក្សា​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សី (Motegi Toshimitsu) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។ ក្នុងនាម ប្រមុខ​ការទូត​ជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម​ក៏បាន​ប្តេជ្ញា​ផ្តល់​កិច្ច​គាំទ្រ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​

​នៅ​ទីបញ្ចប់​នៃ​កិច្ចប្រជុំ​ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​ថា នឹង​បន្ត​សហការគ្នា​ខិតខំ​ដោះស្រាយ​ចំពោះ​រាល់ បញ្ហា​ដែល​នៅមាន​សេសសល់ ជំរុញ​ការ​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​បាន​ទាន់ពេលវេលា សម្រួល​បែប​
​បទ​នីតិវិធី​ឱ្យ​កាន់តែ​សាមញ្ញ​និង​ឆាប់រហ័ស ដើម្បីឱ្យ​គម្រោង​វិនិយោគ​ដែល​កំពុងដំណើរការ​មាន​សកម្មភាព កាន់តែ​ល្អប្រសើរ ធានាបាន​ការប្រកួតប្រជែង​និង​ភាព​ឈ្នះ​ឈ្នះ ដែល​នេះ​ជាការ​ចូលរួម​ជួយ​ទ្រទ្រង់​កំណើន សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។​

​គួរ​កត់សម្គាល់ថា គិត​ត្រឹម​ដំណាច់ខែ កក្កដា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានទទួល ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន ចំនួន ១៤៤​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៦៦ បាន​បោះទីតាំង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៤០​លាន​ដុល្លារ​អាមេរិក​៕


អត្ថបទដែលជាប់ទាក់ទង