ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ព្រះសង្ឃ និង​អ្នក​ឈឺ ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយធំ ចំនួន ៥៧៥​នាក់​, ខេត្ត​ចំនួន​៧​ជាសះស្បើយ ១០០% នៅសល់តែ​ខេត្តកំពង់ធំ ជាសះស្បើយ ១៥%

73

 

​ភ្នំពេញ​៖ ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​គ្រុន​ផ្តាសាយធំ ពីថ្ងៃ​ទី​១៥ ខែសីហា ដល់ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​មានប្រសាសន៍ថា មុនពេល និង​អំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ (​ពីថ្ងៃ​ទី​១៥ ខែសីហា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០) ក្រសួង បាន​សង្កេតឃើញ មានការ​ចម្លង​នូវ​ជំងឺ​គ្រុន​ផ្តាសាយធំ ដែល​ភាសា​បច្ចេកទេស​ពេទ្យ​ហៅថា “Influenza A” នៅក្នុង​ចំណោម​ព្រះសង្ឃ (​ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និង​បន្ទាយមានជ័យ​) នៅក្នុង​ក្រុម​អ្នកទោស​ក្នុង​ពន្ធនាគារ (​ខេត្តព្រះវិហារ កោះកុង និង កំពង់ធំ​) និង​នៅក្នុង​សហគមន៍​មួយ ដែលមាន​ប្រជាជន​រស់នៅក្នុង​តំបន់​គ្របដណ្តប់​នៃ​មណ្ឌល​សុខភាព​សោម​ធំ (​ខេត្ត​រតនគីរី​)​។ ឆ្លើយតប​ទៅនឹង​ជំងឺ​គ្រុន​ផ្តាសាយធំ​នេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង ៨ នេះ បានធ្វើ​សកម្មភាព​យ៉ាងសកម្ម និង ឆ្លើយតបបាន​យ៉ាង​រហ័ស ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា និង​ផ្តល់​ការព្យាបាល​ជូន​ដល់​ព្រះសង្ឃ និង​អ្នកជំងឺ បាន ជាសះស្បើយ ១០០%​ហើយ​សម្រាប់​ខេត្ត​ចំនួន​៧ នៅសល់តែ​ខេត្តកំពង់ធំ ដែល​បានជា​សះស្បើយ ១៥% ហើយ ដែល​នឹង​អាច​មានការ​ជាសះស្បើយ​ជា​បណ្តើរៗ​ទៀត​ក្នុងពេល​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​បន្តទៀតថា ការវិភាគ​របស់​មន្ទី​រ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​ករណី​អ្នកជំងឺ​ខាងលើ បានបង្ហាញ​លទ្ធផល​ថា​៖ មិនមាន​វីរុស​កូ​វីដ​-១៩ តែមាន​វិជ្ជមាន​វីរុស​ផ្តាសាយធំ (Influenza A ប្រភេទ H3 N2) ដែលជា​ប្រភេទ ដែល​អាច​ឆ្លង​បន្ត​គ្នា​ដែរ​។​

​គិត​ត្រឹម​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ព្រះសង្ឃ និង​អ្នក​ឈឺ ដោយសារ​ជំងឺ​គ្រុន​ផ្តាសាយធំ សរុប មាន​ចំនួន ៥៧៥​នាក់ (​ស្ត្រី ៧២​នាក់​) ដែលមាន​ដូចតទៅ​៖

១. ខេត្តតាកែវ ៖ ព្រះសង្ឃ​សាមណេ ចំនួន ៣៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។​

២. ខេត្តព្រះវិហារ ៖ ក្រុម​អ្នក​ជាប់ទោស​ក្នុង​ពន្ធនាគារ ចំនួន ១៤៧​នាក់ (​ស្រី ១៩​នាក់​) បានជា​សះស្បើយ​អស់ហើយ​។

៣. ខេត្តបាត់ដំបង ៖ ក្រុមព្រះ​សង្ឃ​ចំនួន ៤៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។​

៤. ខេត្ត​ត្បូងឃ្មុំ ៖ ក្រុមព្រះ​សង្ឃ​ចំនួន ១៧ អង្គ បានជា​សះស្បើយ​អស់ហើយ​។​

៥. ខេត្តបន្ទាយមានជ័យ ៖ ក្រុមព្រះ​សង្ឃ​ចំនួន ២៦​អង្គ បានជា​សះស្បើយ​អស់ហើយ​។​

៦. ខេត្តកោះកុង ៖ ក្រុម​អ្នក​ជាប់ទោស​ក្នុង​ពន្ធនាគារ​ចំនួន ១៦៩​នាក់ (​ស្រី ១១​នាក់​) បានជា​សះស្បើយ​អស់ហើយ​។​

៧. ខេត្តរតនគិរី ៖ ប្រជាជន​ក្នុង​សហគមន៍​រស់នៅក្នុង​តំបន់​គ្របដណ្តប់​នៃ​មណ្ឌល​សុខភាព​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ​ចំនួន ៦៧​នាក់ បានជា​សះស្បើយ​អស់ហើយ​។​

៨. ខេត្តកំពង់ធំ ៖ ក្រុម​អ្នកទោស​ចំនួន ៦៧​នាក់ បានជា​សះស្បើយ​ចំនួន ១០​នាក់ ហើយ​កំពុងតែបន្ត​ការយកចិត្ត ទុកដាក់​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​។​

​ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ​ខាងលើនេះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ លោកតា​អាចារ្យ លោកតា​-​លោក​យាយជី គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ទាំងអស់​នៅ ទូទាំងប្រទេស ចូលរួម​អនុវត្ត​វិធានការ​ការពារ​ដូចតទៅ ៖

​ត្រូវមាន​អនាម័យ​ខ្លួនប្រាណ អនាម័យ​កន្លែង​រស់នៅ ជាពិសេស​អនាម័យ​ដៃ​ឲ្យ​បាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឲ្យ បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​ប្រើ​ម៉ាស់​ក្នុងករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចូលក្នុង​ទីវ​ត្ត​អា​រ៉ា​ម ស្តាប់​ព្រះ​ធ៌​ម ឬ​កន្លែង​ដែលមាន​មនុស្ស ម្នា​ច្រើន ហើយ​ពេល​ក្អក​កណ្ដាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ក្រដាស​ជូត​មាត់ ឬ​កែងដៃ ជាដើម​។​

​ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។ ព្រះសង្ឃ ឬ​អ្នក​ដែលមាន​ជំងឺ​គ្រុន​ផ្តាសាយធំ ឬ​ជំងឺ ឆ្លង ចាំបាច់​ត្រូវ​គង់នៅ​ក្នុង​កុដិ ឬ​នៅ​កន្លែង​ដាច់ដោយឡែក ពី​ព្រះសង្ឃ​មិនមាន​អាពាធ ឬ​ពី​អ្នកជា កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​។​

​ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​សត្វ​បក្សី ដោយផ្ទាល់​។ ប្រសិនបើ​បាន​ប៉ះពាល់ ត្រូវតែ លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ឆាប់ មុននឹង​ចាប់​កាន់​របស់របរ ឬ​មុននឹង​ប៉ះពាល់​ផ្ទៃមុខ​របស់ខ្លួន​។​

​ត្រូវ​ពិសា​ទឹក​ដាំ​ពុះ ក្តៅ​អ៊ុនៗ និង​បរិភោគ​ម្ហូបអាហារ​ឆ្អិន​ល្អ រក្សា​អនាម័យ​ចំណីអាហារ ព្រមទាំង​ទុកដាក់​ម្ហូបអាហារ​ដាច់ ដោយឡែក​ពីគ្នា តាម​ការណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល ជារឿយៗ​រួចមកហើយ​។​

​ចៀសវាង​នៅ​កន្លែង​ដែល​ត្រជាក់​ខ្លាំង​ដូចជា ម៉ាស៊ីនត្រជាក់ និមន្ត ឬ​ដើរ​ក្រោម​ទឹកភ្លៀង ជាដើម​។ បើ​មាន​បញ្ហា​សុខភាព មិនត្រូវ​ចូលរួម​ពិធី ឬ​កម្មវិធី​ណាមួយ​នោះឡើយ ដោយ​ត្រូវ​គង់នៅ​ក្នុង​កុដិ ឬ​ស្នាក់នៅ​ទីកន្លែង​ណា មួយ​ដាច់ដោយឡែក​ពី​គេ កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា ហើយ​ស្វែងរក​ការពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។​
​រាយការណ៍​ទៅ​លេខ ១១៥ (​មិនមាន​ថវិកា ក៏​អាច​ហៅចូល​បានដែរ​) ឬ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​ទៅ​មណ្ឌល​សុខភាព​
​ដែល​នៅ​ជិត​លោកអ្នក​៕


អត្ថបទដែលជាប់ទាក់ទង