ហាងឈ្មោះ មីស្ទ័រលេង លក់ដូរគ្រឿងក្លែមនៅពេលយប់ ចាក់ធុងបាស់ស្រែកច្រៀងឡូឡាលឺសំឡេងខ្លាំងៗ បង្កការរំខានដល់អ្នកជិតខាង ត្រូវនគរបាលចុះអប់រំនិងឲ្យធ្វើកិច្ចសន្យា
កណ្តាល៖ ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្តាល និងអធិការនគរបាលស្រុកលើកដែក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដាច់ សហការជាមួយអាជ្ញាធរមូលដ្ឋាន មានសមាជិកក្រុមប្រឹក្សាឃុំព្រែកដាច់ ចុះស្រាវជ្រាវផ្ទាល់នៅទីតាំងហាងឈ្មោះ មីស្ទ័រលេងបានពិនិត្យឃើញថា ហាងមីស្ទ័រលេង ពិតជាបានបើកលក់ដូរគ្រឿងក្លែមនៅពេលយប់ ហើយមានធុងបាស់ចាក់ចម្រៀងកំដរភ្ញៀវ ហើយកម្លាំងនគរបាល បានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពចាក់ធុងបាស់ ស្រែកច្រៀងឡូឡាលឺសំឡេងខ្លាំងៗ រំខានដល់អ្នកដទៃ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ព្រះច័ន្ទ ពេញវង់ ដែលបានផ្ញើសារចូលផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដែលមានខ្លឹម សារថា «ខ្ញុំមិនដឹងហេតុអ្វី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនមានវិធានការណ៍ណាមួយចំពោះហាង មីស្ទើលេងទេ? ពីបីថ្ងៃហើយ ដដែលៗហាងបើកច្រៀងឮៗឡើងលាន់ជញ្ជាំងផ្ទះក៏មាន បង្កសំឡេងរំខានដដែលៗ ខ្ញុំចេះតែប្ដឹងម្ចាស់ហាងនៅតែបើកច្រៀងលឺដដែលៗ បើគិតថាខ្ញុំនិយាយកុហក់ឯកឧត្ដមចុះមកពិនិត្យតែម្ដងទៅ ព្រោះថ្នាក់ក្រោមឱវាទឯកឧត្តមប្រចាំមូលដ្ឋានហ្នឹងនិយាយតែល្អឱ្យម្ចាស់ហាងនឹងទេ ទោះដឹងមានការបង្កសំឡេងចេញពីហាងមីស្ទើលេងនិងក៏ដោយ គាត់ដឹងក៏ធ្វើមិនដឹងដែរ ឱ្យខ្ញុំជាប្រជាពលរដ្ឋទៅពឹងអ្នកណា បើឯកឧត្ដមមិនជួយ ទុកឱ្យហាងមីស្ទើលេង បើកច្រៀងឮៗបង្កសំឡេងរំខានដដែល»។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកលើកដែក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដាច់ សហការជាមួយអាជ្ញាធរមូលដ្ឋាន មានសមាជិកក្រុមប្រឹក្សាឃុំព្រែកដាច់ ចុះស្រាវជ្រាវផ្ទាល់នៅទីតាំងហាងឈ្មោះ មីស្ទ័រលេង ទទួលបានលទ្ធផលដូចខាងក្រោម៖
១.ពិនិត្យឃើញថា ហាងមីស្ទ័រលេង ពិតជាបានបើកលក់ដូរគ្រឿងក្លែមនៅពេលយប់ ហើយមានធុងបាស់ចាក់ចម្រៀងកំដរភ្ញៀវដែលចូលមកញាំពិតមែន។
២.កម្លាំងនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពចាក់ធុងបាស់ស្រែកច្រៀងឡូឡាលឺសំឡេងខ្លាំងៗរំខានដល់អ្នកដទៃចាប់ពីពេលនេះតទៅ។
៣.មិនអនុញ្ញាតឱ្យបើកលក់ និងចាក់ធុងបាស់ច្រៀងកំដរទទួលភ្ញៀងលឺសំឡេងខ្លាំងៗពេលយប់ទៀតឡើយ គឺចាក់ចម្រៀងកំដរភ្លៀវក្នុងលក្ខណ:ស្តាប់បានធម្មតា ក្នុងបរិវេនហាងរបស់ខ្លួនទាំងពេលថ្ងៃ និងពេលយប់។
៤.ការបើកលក់មិនឱ្យលើសពីម៉ោង២១និង០០នាទីជាដាច់ខាត៕