សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋនៅក្នុងផ្ទះ
ភ្នំពេញ ៖ បន្ទាប់ពីរកឃើញស្ត្រីម្នាក់មានវិជ្ជមានវីរុសកូវីដ១៩រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អំពាវនាវកុំឱ្យពលរដ្ឋមានការចេញក្រៅផ្ទះ គឺត្រូវនាំកូនចៅនៅក្នុងផ្ទះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនៗទាំងអស់កុំចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩ ព្រោះទីក្រុងភ្នំពេញ មានបញ្ហាធំណាស់ដែលទាក់ទងនឹងផ្សារអ៊ីអន ហើយនឹងក្រសួងមហាផ្ទៃ ដែលមានអ្នកឆ្លងតពីខេត្តសៀមរាប ចូលទៅដល់ភ្នំពេញ ហើយដើរលេង ដែលមិនដឹងថាទីកន្លែងណាខ្លះ អ៊ីចឹងត្រូវចាប់កូនចៅត្រូវនៅក្នុងផ្ទះទាំងអស់ ។ ចំពោះស្ត្រីដែលរកឃើញកូវីដ១៩នោះ មិនមែនជាអ្នកមកពីបរទេសឡើយ ។
សម្តេចតេជោ បានបញ្ជាក់ថា ត្រូវស្តាប់ឲ្យបាន ហើយត្រូវធ្វើឲ្យលឿនជាទីបំផុត កុំឲ្យចេញទីហាងនេះ ហាងនោះ គឺត្រូវធ្វើសកម្មភាពភ្លាម ព្រោះឥឡូវនេះមានបញ្ហានៅសៀមរាប និងនៅភ្នំពេញផង ដោយសារតែប្រពន្ធរបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺហើយបានរកឃើញវីរុសកូវីដ១៩ រួចហើយមិនដឹងថាឆ្លងប៉ុន្មានទៀត ហើយបានគាត់ដើរចូលផ្សារអ៊ីអននិងមិនដឹងថាគាត់ដើរទៅកន្លែងណាខ្លះទៀត អ៊ីចឹងដើម្បីប្រុងប្រយ័ត្នគឺត្រូវនៅក្នុងផ្ទះ។
សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល សម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារនេះ។
ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្សួងសុខាភិបាលរដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ថា ពិតជាមានការបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ពិតប្រាកដមែន បន្ទាប់ពីលទ្ធផលតេស្តវិជ្ជមានលើស្ត្រីខ្មែរម្នាក់នៅថ្ងៃនេះ ហើយដែលគាត់បានទៅផ្សារនេះ។
ឯកឧត្តមបញ្ជាក់ថា ករណីស្ត្រីរូបនេះគឺឆ្លងវីរុសនេះពីណានោះទេ ប៉ុន្តែស្ត្រីរូបនេះត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ ៕