ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញការទទួលស្គាល់ស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងកម្លាំងដែលមិនអាចខ្វះបាន សម្រាប់ការរក្សាសន្តិភាព

76

 

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រី ក្នុងការកសាងនិងការថែរក្សាសន្តិភាព៖ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល»។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន។ ពួកគេអាចចូលរួមចំណែកជួយកសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្ទ វិបុលភាព និងសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នត់គំនិតអំពីសក្តានុពល និងការពាក់ព័ន្ធរបស់ស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន ជាពិសេស ក្នុងវិស័យកសាង សន្តិភាព និងសន្តិសុខ។

ពីអតីតកាល ដ៏មហាសោកនាដកម្ម កម្ពុជាបានមើលឃើញពីថាមពល និងភាពរឹងមាំរបស់ ស្ត្រី ក្នុងការកសាងសង្គមជាតិរបស់យើងឡើងវិញ ព្រមទាំងបង្កើតបរិយាកាសសន្តិភាព និង សន្តិសុខ ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ជាតិ។ ហេតុដូច្នេះ កម្ពុជាសូមសម្តែងការស្វាគមន៍ ចំពោះសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅក្នុងការកសាង និងការទ្រទ្រង់សន្តិភាព ក៏ដូចជាផែនការសកម្មភាពទាំង៧ចំណុចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ។

សមភាពយេនឌ័រ គឺជាតម្លៃស្នូលមួយក្នុងចំណោមតម្លៃស្នូល ជាច្រើនទៀត ដែលបានគាំទ្រ ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានបញ្ញា បទៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់យើងនៅគ្រប់កម្រិត។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្នមន្ត្រីរាជការជាស្រ្តីមានចំនួន៤១ភាគរយ ក្នុងចំណោមមន្ត្រីរាជការសរុប ទាំងអស់ ក្នុងឆ្នាំ២០២០ ហើយតួលេខនេះកំពុងតែកើនឡើងក្នុងតួនាទីជាអ្នកដឹកនាំ និងក្នុងមុខតំណែងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ស្ត្រីកម្ពុជាបច្ចុប្បន្នបានទទួលនូវការគាំទ្រ និង ការគាំពារសង្គមកាន់តែប្រសើរឡើង តាមរយៈការជំរុញឱ្យទទួលបានការថែរក្សាសុខភាព ការការពារផ្នែកច្បាប់ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេង ប្រវ័ញផ្លូវភេទ ហើយធនធានសេដ្ឋកិច្ច ដូចជា តាមរយៈការពង្រីកឥណទាន សម្រាប់ សហគ្រាសធុនតូចបំផុត តូច និងមធ្យម ដែលមានចំនួន៦ ១ភាគរយ គ្រប់គ្រងដោយស្ត្រី។

ការចូលរួមរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព គឺជាជ្រុងមួយផ្សេងទៀតនៃការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈការលើកតម្កើងតួនាទីរបស់ ស្ត្រីនៅក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព។

ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្រ្តីចំនួន៤១៩នាក់ ក្នុង ចំណោមកងរក្សាសន្តិភាពសរុបចំនួន ៧.១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩។ ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុង ចំណោមកងរក្សាសន្តិភាពកម្ពុជាចំនួន៧៨១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាព នៅប្រាំប្រទេស។ បច្ចុប្បន្ន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេស ឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ១៧ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រី ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បើតាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី លើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិលេខ១ ៣ ២៥ និងលេខ ១៨៨៩ ក៏ដូចជា ការអនុវត្តតាម របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ខ្ញុំជឿជាក់ថា រដ្ឋសមាជិកគួរតែ៖

ក. យកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះស្ថានភាពរបស់ស្ត្រី និងក្មេងស្រីដែលប្រឈម នឹងការកើនឡើងនូវអំពើហិង្សា និងសេចក្តីលំបាកវេទនាផ្នែកសេដ្ឋកិច្ចដោយសារផល ប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។

ខ. ជំរុញការទទួលស្គាល់ស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងកម្លាំងដែលមិនអាចខ្វះបាន សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

គ. ពង្រឹងបទដ្ឋានអន្តរជាតិដែលអាចឱ្យស្ត្រីអនុវត្តសិទ្ធិដោយស្មើភាព និងការចូលរួមយ៉ាង សកម្មក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបញ្រ្ជាបបទដ្ឋានទាំងនោះនៅថ្នាក់ជាតិ។

ឃ. បង្កើនកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់ការរើសអើងផ្អែកលើយេនឌ័រ និងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការសម្រេចផ្នែក គោលនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង