ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ អន្តរាគមន៍​ជួយ​រំដោះ​”​ក្មេង​ស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម​ និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​”

115

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ពិនិត្យ​ឃើញ​ថា​ ថ្មីៗ​នេះ​មានការ​ចែករំលែក​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដែល​កើតឡើង​លើ​ពល​ការិនី​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​

​ករណី​នេះ​ត្រូវ​បាន​ដាក់​ជូន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​អនុវត្ត​ជំនាញ​ និង​ជួយ​អន្តរាគមន៍​ ។​

​នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រីជន​ជាតិខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ដែល​ត្រូវ​បាន​គេ​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា​ “​ក្មេង​ស្រី​ខ្មែរ​ម្នាក់​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម​ និង​កាត់​ស្លឹកត្រចៀក​យ៉ាង​ព្រៃផ្សៃ​”​ នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​សហការ​ជាមួយ​សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ទើប​ឈាន​ដល់​ការ​រំដោះ​នារី​រង​គ្រោះ​ និង​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​

​ឯកឧត្តម​ ជីវ​ ផ​ល្លី​ បាន​បញ្ជាក់​បន្ថែម​ថា​ សមត្ថកិច្ច​ម៉ា​ឡេ​ស៊ី​កំពុង​ស៊ើបអង្កេត​ដើម្បី​មាន​ចំណាត់ការ​បន្ត​លើ​ជន​ដៃដល់​ រីឯ​ជន​រង​គ្រោះ​ បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​ពីរ​បួស​ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​រៀបចំ​សម្របសម្រួល​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ បាន​សង្កត់ធ្ងន់​ថា​ ជា​ទិស​ដៅ​នៅ​ពេល​ដែល​នារី​រង​គ្រោះ​ខាងលើ​ បាន​ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ជំនាញ​របស់​នាយកដ្ឋាន​ សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ជា​មេខ្យល់​នាំ​នារី​រង​គ្រោះ​ខាងលើ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដើម្បី​ឈាន​ដល់​ការ​អនុវត្ត​នីតិវិធី​នាំ​ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​ បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ក្នុង​នាម​នាយកដ្ឋាន​ជំនាញ​ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​រួមចំណែក​លើ​ការងារ​នេះ​ និង​សូម​អរគុណ​ចំពោះ​សាធារណជន​ អ្នក​សារព័ត៌មាន​ បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​តែងតែ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ និង​ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ស្វែងរក​យុត្តិធម៌​សង្គម​ ៕

អត្ថបទដែលជាប់ទាក់ទង