រថយន្តដឹកខ្សាច់ បើកបុករថយន្តកាមរី ដាច់កង់ ហើយបើករត់បាត់
ភ្នំពេញ÷រថយន្តដឹកខ្សាច់ បើកលឿនបញ្រ្ចាសទិស បុករថយន្តកាមរីបាឡែនចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យដាច់កង់ចេញពីរថយន្ត ហើយរថយន្តបង្កបើករត់បាត់ នៅយប់ ថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០ស្តិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្រ្តីជនជាតិចិនម្ចាស់រថយន្តកាមរី បានរៀបរាប់ថា គាត់បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2Q 14 00 ធ្វើដំណើរចេញពីភ្នំពេញ បម្រុងទៅតាខ្មៅ តាមបណ្តោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿង ដែលមិនចាំម៉ាក និងផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិស ល្បឿនលឿនពីត្បូងមកជើង ជ្រុលមកបុកចំពីចំហៀងខាងមុខរថយន្ត របស់គាត់ពេញទំហឹង បណ្តាលឲ្យរថយន្តគាត់ ដាច់កង់ចេញពីគ្នាតែម្តង ហើយដែលសំណាងណាស់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម្ចាស់រថយន្តកាមរីបាឡែន គ្រាន់តែរងរបួសស្រាល។ ចំណែកឯរថយន្តបង្កវិញ ក៏បន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោលទៅ។ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង សុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕