អាជ្ញាធរខេត្តប៉ៃលិន បើកមហោស្រព បង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្តលើកទី១ ឆ្នាំ២០២០ ដើម្បីរក្សាវប្បធម៏ប្រពៃណីជាតិ តាមទំនាមទម្លាប់ខ្មែរ
ប៉ៃលិន៖ នៅពហុកីឡដ្ឋានភ្នំចេក ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មន្ទីរវប្បធម៌ និង
វិចិត្រសិល្បៈខេត្តបានរៀបចំមហាស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី មកពី ៨ឃុំ/ សង្កាត់ ទូទាំងខេត្ត ស្ថិតក្រោមអធិបតីភាព លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។ ពិធីបង្ហើខ្លែងឯកខ្មែរនេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ ។
លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងមហោស្រព បង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០នេះ គឺមានការចូលរួម ពីសំណាក់បេក្ខជន-បេក្ខនារី តាមបណ្តាឃុំ/សង្កាត់ ទាំង០៨ ដោយមាន១៦ខ្លែង បូករួមទាំងខ្លែងរបស់មន្ទីរចូលរួមបង្ហើរជានិមិត្តរូបផងដែរ ។
លោក ផាន់ ចាន់ធុល អភិបាល ខេត្តប៉ៃលិន បានមាន ប្រសាសន៍លើកឡើងថា ការរៀបចំការប្រកួតប្រជែងក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី០១ ឆ្នាំ២០២០នេះ គឺក្នុងគោលបំណងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានស្គាល់ បានយល់កាន់តែច្បាស់ អំពីភាពសម្បូណ៍បែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដោយបានបង្កប់ នូវអត្តសញ្ញាណជាតិដ៏រឹងមាំ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជាការរំលឹកគុណូបការៈរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុកនូវស្នាដៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។
លោក អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត ត្រូវយកចិត្តទុកដាក់ ព្រមទាំងសហការគ្នា ពង្រឹង ពង្រីក និងបំផុសឲ្យ មានការចូលរួមរាល់គ្រប់សកម្មភាពពីប្រជាពលរដ្ឋ និងស្រទាប់យុវជននានា ដែលទាក់ទងទៅ នឹងសិល្បៈវប្បធម៌ថ្មីៗ ដើម្បីអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ ចម្រុះនៅតាមសហគមន៍ឲ្យបានស្ថិតស្ថិតគង់វង្ស។
ក្នុងឱកាសនោះដែរ លោកផាន់ ចាន់ធុល ក៏បានមានប្រសាសន៍ ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវ ខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ នេះ បានធ្វើការប្រកួតប្រជែងរយៈពេលពេញ១ ថ្ងៃ ហើយជាលទ្ធផល ខ្លែងសង្កាត់ ប៉ៃលិន មានឈ្មោះ (ខ្លែងឯកបារមីលោក យាយយ៉ាត) ទទួលបានជ័យលាភីលេខ០១ ខ្លែងឃុំសាលាក្រៅ មានឈ្មោះ (ខ្លែងឯកឃុំសាលាក្រៅ) ទទួលបានជ័យលាភីលេខ ០២ និងខ្លែងសង្កាត់អូតាវ៉ៅ មានឈ្មោះ(ខ្លែងឯកសម្រស់ភ្នំខៀវមានសិទ្ធ)ទទួល បាន ជ័យលាភីលេខ០៣៕.សំរិត