ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះចាក់សាបបេតុងមុខផ្ទះ នៅក្នុងភូមិកណ្តាលផ្អើលហ្វេសប៊ុក រដ្ឋបាលខណ្ឌដង្កោ តម្រូវឱ្យផ្អាកការសាងសង់ និងរុះរើចេញរក្សាភាពដើមវិញ

1,475

 

ភ្នំពេញ៖ ករណីជម្លោះនៃការសាងសង់សំណង់នៅក្នុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ បាន ចុះទៅធ្វើការសម្របសម្រួលជូន ភាគីទំនាស់ទាំងពីរ មិនទទួលបានលទ្ធផលទេ ដោយភាគីឈ្មោះ ឯក គឹមសាន្ត មានរបួសដៃ មិនសុខចិត្តទទួលយកនូវការសម្របសម្រួលឡើយ ហើយបន្ត ប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចថ្នាក់លើបន្តទៀត ។ ចំណែកឯការសាងសង់នោះ រំលោភលើផ្លូវសាធារណៈ ដូច្នេះរដ្ឋបាលខណ្ឌដង្កោ តម្រូវឱ្យឈ្មោះ ឯក គឹមសាន្ត ផ្អាកការសាងសង់សំណង់នេះ និងរុះរើចេញរក្សាភាពដើមវិញ។

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្រោយពីបានឃើញបណ្តាញសង្គមបានបង្ហោះព័ត៌មាន ស្តីអំពីជម្លោះនៃការសាងសង់សំណង់នៅក្នុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចមក រដ្ឋបាលខណ្ឌដង្កោ បាន ចុះទៅធ្វើការសម្របសម្រួលជូន ភាគីទំនាស់ទាំងពីរ។ ភាគីអ្នកសាងសង់ឈ្មោះ ឯក គឹមសាន្ត ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលីសចូលនិវត្តន៍ បានរងរបួលដៃខាងឆ្វេង ដោយអំពើហិង្សា ពីឈ្មោះ អាង ណាក់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជាបុគ្គលិកធនាគារ ផ្ទះល្វែងជាប់គ្នា។ រដ្ឋបាលខណ្ឌដង្កោ បានធ្វើការសម្របសម្រួលទំនាស់ ជូនភាគីទាំងពីរ តែការសម្របសម្រួល ដែលមាន មិនទទួលបានលទ្ធផលទេ ដោយភាគីឈ្មោះ ឯក គឹមសាន្ត មិនសុខចិត្តទទួលយកនូវការសម្របសម្រួលឡើយ ហើយបន្ត ប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចថ្នាក់លើបន្តទៀត ។

ចំពោះការសាងសង់សំណង់របស់ឈ្មោះ ឯក គឹមសាន្ត ដែលបណ្តាលឱ្យមានទំនាស់ជាមួយអ្នកជិតខាងហើយ ឈានទៅមានអំពើហិង្សា រដ្ឋបាលខណ្ឌដង្កោ ពិនិត្យឃើញថា សំណង់ដែលបានសាងសង់មិនមានលិខិតអនុញ្ញាតសាង សង់ឡើយ ហើយរំលោភលើផ្លូវសាធារណៈ ដូច្នេះ រដ្ឋបាលខណ្ឌដង្កោ តម្រូវឱ្យឈ្មោះ ឯក គឹមសាន្ត ផ្អាកការសាងសង់ សំណង់នេះ និងរុះរើចេញរក្សាភាពដើមវិញ ។

សូមបញ្ជាក់ថា ជម្លោះស្ទើរស៊ីចសាច់គ្នា រវាងគ្រួសារ២ជាអ្នកជិតខាង បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយសារតែរឿងចាក់សាបស៊ីម៉ងត៍មុខផ្ទះខ្ពស់ជាងគ្នា។

នេះបើយោងតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសរសេរបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលូស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងហ្វេសប៊ុកដែលមានការហួសចិត្ត បានចូល Comment បែបៗនេះថា៖ «មើលដូចរឿងកំប្លែង យ៉ាប់ណាស់ដល់ពេលអត់ចេះយល់ខុសត្រូវចឹង, ចាក់ស្មើគ្នាទើបត្រឹមត្រូវ បើចាក់ខ្ពស់លើសគេឯង ស៊ីប៉ែលចឹងសមហើយ, ចាក់មុខផ្ទះយើងមែន តែប៉ះពាល់ដល់ផ្លូវក្នុងការស់នៅរួមគ្នាសមត្រូវចឹងហើយ»។

ដោយឡែក អ្នកខ្លះទៀត ក៏បានធ្វើការវែកញែកខុសត្រូវផ្សេងៗគ្នាថា៖ «នេះជាដីចំណីផ្លូវ បើធ្វើខ្ពស់អញ្ជឹង ពេលយើងជិះម៉ូតូ ឡាន កាត់ទីនោះ វានឹងប៉ះពា បុកបែកបាក់មិនខាន ណាមួយបើខ្ពស់ជាងគេពេលលាងអ្វីៗ គឺវាហៀរហូរមកផ្ទះដែលទាបជាងហើយ, ខុសទាំងពីរ ផុតរបងជាដីចំនីផ្លូវសោះ ដណ្តេីមគ្នាអត់ខ្មាស នេះជាបន្ទុកដោះស្រាយរវាងពលរដ្ឋ និងអជ្ញាធរមិនមែនចាំបាច់មកប្រឈមដាក់គ្នាបែបនេះទេ ចាំបាច់យកហិង្សាធ្វើជាដំណោះស្រាយ ចុះប្រសិនបើបង្ករបួសធ្ងន់ធ្ងរលើសនេះ មិនគុក Calling ហើយហេ, មុខផ្ទះរបស់គេ ខ្លាចតែគេចាក់ចូលមកមុខផ្ទះគាត់ទើបខុស ទី១ ជាសិទ្ធរបស់គេ ទី២ ធ្វើនេះអាចការពារទឹកភ្លៀងហូរចូលក្នុងផ្ទះរបស់គាត់, រស់នៅជិតខាងគ្នាគ្មានការយោគយល់ គឺវិនាសទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង