ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

42

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ក្នុងឱកាសនោះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជា បាន ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០ ០០០$ (ហាសិបម៉ឺនដុល្លារ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជ ទ្រព្យ ចំនួន ៥០០ ០០០$ (ហាសិបម៉ឺនដុល្លារ) ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមរំម្លឹកថា៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលបំណងទិញវ៉ាក់ សាំង១លានដូស ជាជំហានដំបូង កាលពីពេលថ្មីៗនេះ មានសប្បុរសជនគ្រប់ទិសទី បានគាំទ្រ និងចូលរួមបរិច្ចាគថវិកា ដែលរហូតមកទល់ពេលនេះ មានចំនួនប្រមាណ ជាង ៣០លានដុល្លារហើយ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង