ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ព័ន្ធ DGB Financial Group ផ្ដល់អំណោយ ម៉ាស់ជូនកម្ពុជា និងសម្រេចបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េ

47

ប្រទេសកូរ៉េ៖  សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក​ KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាលបានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង ដែលគិតជាទឹកប្រាក់ប្រមាណ១០,០០០ដុល្លាអាមេរិក ខណៈកម្ពុជាកំពុងមានតម្រូវការ និងសម្រេចបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរឡើងផងដែរ។

  ការសម្រេចបែបនេះបានធ្វើឡើង ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក​ KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូត ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត លើការពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា

    សូមបញ្ចាក់ផងដែរថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខាជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។

  ក្នុងឱកាសនោះ លោក ឡុងឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអោយអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

   ជាមួយគ្នានេះលោក​ KIM TAE OH ក៏សូមថ្លែងអំណរគុណដល់ លោកឯកអគ្គរាជទូត និងសហការី សម្រាប់ការស្វាគមន៍ និងបង្កលក្ខណៈ ដល់រូបលោក និងសហការី ហើយទន្ទឹមនឹងគ្នានេះ សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរតបតាមការស្នើរបស់ស្ថានទូតកម្ពុជា។ បន្ថែមពីលើនេះលោកប្រធានក៏បានស្នើដល់លោកឯកអគ្គរាជទូតដើម្បីជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជាក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង