ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនអនាមិក បានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន

155

 

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានចេញ សេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនេយ្យ និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។

ពាក់ព័ន្ធនិងករណីនេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនេយ្យ ឬជាម្ចាស់ ឬជា Admin. ក្រុមការងារណាមួយ តាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យ ដែលមានប្រើរូបថត និងឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយការងារផ្សេងៗ ពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង