ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន រំលឹកពីប្រវត្ដបេតិកភណ្ឌ ធម្មជាតិ ភ្នំដូនពេញ

98

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរំលឹកអំពី បេតិកភណ្ឌធម្មជាតិ វប្បធម៏ និងប្រវត្ដិសាស្ដ្រ ភ្នំដូនពេញ ដោយដកស្រង់ចេញពីប្រភពHeritages Dairy- បេតិកភណ្ឌ ប្រចាំថ្ងៃ បានបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ នៃភ្នំដូនពេញពិតជាអច្ចារ្យណាស់ ។

ក្រសួងបរិស្ថាន បានបន្តថា រាប់សែនឆ្នាំកន្លងមក ធម្មជាតិបានបង្កើតទួលធម្មជាតិ មួយ។ ទួល នេះហៅថា បេតិកភណ្ឌធម្មជាតិ។ នៅលើតំបន់បេតិកភណ្ឌធម្មជាតិនេះ មនុស្ស(លោកយាយឈ្មោះ ពេញ ហៅថា ដូន ពេញ និងអ្នកភូមិ)បានកសាងស្នាដៃ(លើកដីពូនទៅជាភ្នំលើទួលនោះ)។ ភ្នំនេះ ហៅថា ភ្នំ ដូនពេញ។ ភ្នំនេះ ជាបេតិកភណ្ឌវប្បធម៌ ព្រោះ ជាស្នាដៃរបស់មនុស្ស។

ប្រវត្តិសាស្ត្រកម្ពុជាចារថា នៅគ.ស. ១៣៧២ ព្រះវិហារមួយ ត្រូវបានកសាងឡើងពីឈើ និងប្រក់ស្បូវ នៅលើភ្នំនេះ សម្រាប់តម្កល់ទេវរូបធ្វើពីថ្ម មួយអង្គ និងព្រះពុទ្ធរូបសំរិទ្ធ៤អង្គ រកឃើញ ដោយដូនពេញ ក្នុងកំណាត់ឈើគគីរអណ្តែតមកទើនៅ ច្រាំងទន្លេម្តុំនោះ។ ក្រោយមក ដូនពេញបាននិមន្ត ព្រះសង្ឃមកគង់នៅជើងភ្នំ ហើយទីនោះត្រូវបានហៅថាវត្តភ្នំដូនពេញ។ បច្ចុប្បន្នគេនិយមហៅកាត់ថាវត្តភ្នំ(សូមស្វាគមន៍រាល់មតិបេីមានខ្វះ ឬលើស)។

ប្រវត្តិសាស្ត្រកម្ពុជា បង្ហាញទៀតថានៅគ.ស. ១៤៣៤ ព្រះបាទពញាយ៉ាតយាងចូលមកគង់ក្នុង
រាជវាំងសង់ថ្មីនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ និង នៅ គ.ស.១៤៣៧ ព្រះអង្គប្រទាននាមក្រុងថ្មីនេះថា ក្រុងចតុម្មុខមហានគរភ្នំដូនពេញ ដើម្បីកុំឱ្យបាត់ឈ្មោះ និងកេរដំណែលរបស់ដូនពេញ។ ទ្រង់ បានបញ្ជាឱ្យឧកញ៉ាតេជោស្រីចៅហ្វាយស្រុកសំរោងទងលើកដីបំពេញរាជធានីថ្មី ព្រមទាំងលើក ដីបំពេញភ្នំដូនពេញឱ្យរីកធំខ្ពស់ឡើង និងកសាងព្រះចេតិយធំមួយនៅក្រោយវិហារចាស់របស់ដូនពេញ។ បច្ចុប្បន្ននេះបើមើល ពីចំងាយ គេឃើញ ចេតិយព្រះរាជវង្សព្រះចៅ ពញាយ៉ាតដ៏ធំលេីកំពូលភ្នំដូនពេញ។ សូមចូលរួមអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ជាព្រលឹងជាតិរបស់យើងទាំងអស់គ្នា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង