ត្រួតពិនិត្យ និងតាមដានសុខភាពអ្នកជាប់ឃុំឃាំង នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការត្រួតពិនិត្យ និងតាមដានសុខភាពអ្នកជាប់ឃុំឃាំង នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
យោងតាមសេចក្តីថ្លែងការរួមរបស់អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីប្រទេសកម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជន អង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការខាងលើនេះថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើការ ផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ នោះឡើយ ដើម្បីទទួលសេវាសុខភាពស្មើៗគ្នា ដោយមិនមានការរើសអើងឡើយ ជាពិសេសជនងាយរងគ្រោះ ជនក្រីក្រ ជនពិការមនុស្សចាស់ជរា ស្ត្រី និងកុមារ ត្រូវបានទទួលការគាំទ្របន្ថែមទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីពួកគាត់អាចទទួលបានសេវាសុខាភិបាល ប្រកបដោយសមភាព គុណភាព និងតម្លាភាព។
ទាក់ទងនឹងវិធានការណ៍ ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំង កន្លងមក ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយធំ និងជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋាន ពន្ធនាគារបានយកចិត្តទុកដាក់បន្ថែម ក្នុងការតាមដានសុខភាពអ្នកជាប់ឃុំឃាំង និងរាយការណ៍មក ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យលើបញ្ហាសុខភាពអ្វីមួយ ដែលកន្លងមកនេះ ក្រសួង បានធ្វើអន្តរាគមន៍ជួយពិនិត្យ និងព្យាបាលដល់អ្នកជាប់ឃុំឃាំង ដែលមានជំងឺផ្តាសាយធំនៅតាម បណ្តាខេត្តមួយចំនួនរួចមកហើយ រហូតពួកគេបានជាសះស្បើយ។
ចាប់តាំងពីពេលមានការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០មក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវរកករណីពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍នេះ ហើយមានបុគ្គលណាខ្លះ ដែលបានមកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដានសុខភាពអ្នកជាប់ឃុំឃាំង កាន់តែហ្មត់ចត់ថែមទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា មិនមានអ្នកប៉ះពាល់ នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានករណីជំងឺផ្តាសាយធំ ដែលមានការសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងការចម្លងវីរុសកូវីដ -១៩ ទាំងក្នុងចំណោមមន្ត្រី ចំនួន ៣៥៤ នាក់) និងអ្នកជាប់ឃុំឃាំង (ចំនួន ៧៦០៨នាក់) ឡើយ។ លើសពីនេះទៀត បន្ទាប់ពីបានទទួលព័ត៌មាន តាមរយៈបណ្តាញសារព័ត៌មាន អំពីការផ្ទុះឡើងជំងឺផ្តាសសាយធំ នៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ មក ក្រសួងសុខាភិបាល បានចាត់មន្ត្រីក្រមឆ្លើយតបបន្ទាន់ ចុះជាបន្ទាន់ទៅកាន់មណ្ឌលអប់រំកែប្រែទី ១ នៅយប់ថ្ងៃទី៩ និងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិនិត្យមើលស្ថានភាពសុខភាព អ្នកជាប់ឃុំ ឃាំងដោយផ្ទាល់ ហើយរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាផ្លូវការ បានបង្ហាញថា មិនមានករណីជំងឺផ្តាសាយធំ ក្នុងចំណោមអ្នកជាប់ឃុំឃាំងនៅទីនោះឡើយ។
ក្រសួងសុខាភិបាល សូមបញ្ជាក់ថា ក្រសួងនៅតែបន្តកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ក្រោមជាតិ នៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ដើម្បីតាមដានមើលជាប្រចាំ នូវស្ថានភាពជំងឺផ្តាសាយធំ ដែលអាចសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជំរុញឲ្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់អនុវត្តវិធានការណ៍ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំងផងដែរ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់គ្រប់ស្ថានប័នពាក់ព័ន្ធ ចូលរួមអនុវត្តវិធានការណ៍របស់ ក្រសួងសុខាភិបាល ក្នុងស្មារតីរក្សាសមភាព និងសាមគ្គីភាពគ្នា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
