រាជរដ្ឋាភិបាលកម្ពុជា ទទួលថវិកាពីសប្បុរសជននានា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ បានជាង៤៥លានដុល្លារអាមេរិកហើយ
ភ្នំពេញ៖ គិតត្រឹមព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជា ទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ–១៩ បានសរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ។ ក្នុងនោះមានលុយដុល្លារ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល (ស្មើ ៤២៥,០០២ដុល្លារ)។
ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកដ៏ល្អបំផុតរបស់ប្រជាជាតិកម្ពុជាយើង៕