ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខរបរដាំសណ្តែកគួរធ្វើអោយ ជីវភាព ប្រជាពលរដ្ឋអ្នកដាំកាន់តែល្អប្រសើរក្រោយពីទទួលផល

81

សៀមរាប៖  គ្រួសារ កសិករដាំដំណាំសណ្តែកគួររស់នៅឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀម រាប រកប្រាក់ចំណូលបាន ប្រមាណជាង១០ម៉ឺនរៀលជារៀងរាល់ថ្ងៃ មុខរបរមួយនេះ ធ្វើឲ្យគ្រួសារគាត់មានចំណូល ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ បានល្អប្រសើរ

       អ្នកស្រីជឿន គឹមស៊ិប  អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី១២ ធ្នូនេះថា, មុខរបរដាំបន្លែលក់ ធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីមានភាពល្អប្រសើរជាងមុន ដោយសារអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃ អាចផ្គត់ផ្គង់ការចំណាយ ក្នុងគ្រួសារបាន។ ជាក់ស្តែងរាល់ថ្ងៃអ្នកស្រីដំាសណ្តែកគួរ លើផ្ទៃដីតែជិត២០០០ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចលក់ ចេញបោះឱ្យ ម៉ូយ ប្រចាំថ្ងៃជាមធ្យម៧០ទៅ៨០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ២០០០រៀល។

    អ្នកស្រីបន្តថា មុខរបរដាំបន្លែ សណ្ដែកគួរលក់នេះបានចាប់ផ្តើមរយៈពេលប្រមាណ២០ឆ្នាំមកហើយតែការដាំដុះមិនមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ដោយចេះតៗគ្នាពីឪពុកម្តាយប៉ុណ្ណោះ មិនអាចរកប្រាក់ចំណូលបានច្រើនឡើយប៉ុន្តែរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយ ក៏ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញកសិកម្ម ទើបធ្វើឱ្យមុខរបរដាំបន្លែរបស់អ្នកស្រីបានល្អប្រសើរ។

     លោកស្រី បន្ថែមថា៖ សណ្តែកគួរ ខ្ញុំប្រមូលផល បានរាល់ថ្ងៃជួនបាន៨០គីឡូក្រាម ជួនបាន៧០គីឡូ ក្រាម ខ្ញុំប្រមូលផលជិតមួយខែ ដំបូងលក់បានមួយគីឡូ២០០០រៀល ម៉ូយទិញគឺអ្នកភូមិនេះឯង បច្ចេកទេសដាំគឺបានខាងក្រសួងនិងអង្គការផង ហើយគេតែងហៅប្រជុំកសិករនៅក្នុងភូមិបង្ហាញពីបច្ចេកទេសដាំ។

គួរជម្រាបផងដែរថា អ្នកស្រីជឿន គឹមស៊ិប សព្វថ្ងៃដាំបន្លែជាច្រើនប្រភេទដូចជា៖ សណ្តែកកួរ ខ្ទឹមសន្លឹក ផ្កាខាត់ណាស្ពៃក្រញាញ់និងបន្លែជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ។

    មួយរយៈចុងក្រោយនេះ ទោះមានបញ្ហាជំងឺកូវី១៩ បានកើតឡើង ប៉ះពាល់មួយចំនួនទៅលើការប្រកបមុខរបរជំនួញ ខ្លះក៏ឲ្យដោយ។ ប៉ុន្តែចំពោះវិស័យកសិកម្ម ឃើញថា ប្រជាពលរដ្ឋកម្ពុជា បានបង្កបង្កើនផល ទទួលបានទិន្នន័យល្អប្រសើរ នៅមានទីផ្សារនៅក្នុងប្រទេស នាំចេញទៅក្រៅប្រទេស។ ដូចជាករណីដំឡូងមីស្រស់បានលក់ ទៅកាន់ប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងថ្លុង ក្នុងស្រុកពញាក្រែក ត្បូងឃ្មុំ ក្នុងមួយថ្ងៃមួយៗ រាប់រយរាប់ពាន់តោន នេះបើតាមការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងកសិកម្មកន្លងមក។ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្ត បានបង្កើតមុខរបរ ចិញ្ចឹមមាន់ ទា ជ្រូក ត្រី បង្កង អន្ទង់ ខ្យង កង្កែប ត្រីដំរី។ល។ និងមានការនាំ ចេញ ផ្លែស្វាយ ផ្លែមាន ដែលមានគុណភាពល្អនៅកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនយ៉ាងច្រើនផងដែរសព្វថ្ងៃនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង