ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​តុលាការ​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​ បុគ្គលនី ណាក់ ពូកែ​ខាង​ប្រើ​វោហា​ស័ព្ទ​ដៀមដាម

58

 

​ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ក្រសួងកសិកម្ម​ទាក់ទង​នឹង​ការជេរប្រមាថ​ជា​សាធារណៈ និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​មានការ​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មា​ការសហការ​ជាមួយ​អធិការដ្ឋាន​ខណ្ឌមានជ័យ ព្រមទាំង​មានការ​សម្របសម្រួល​ពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​មានឈ្មោះ នី ណាក់ បាន​កំពុង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក Iman-KH ដោយ​ប្រើ​វោហា​ស័ព្ទ​ដៀមដាម​ថ្នាក់ដឹកនាំ​មានដូចជា “​ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុងការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាពអាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុងតែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើអោយ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់គ្នា​ហើយ​ដេក​នៅក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោយសោះ​បើ​គ្មាន​ការចាំបាច់​” ជាដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ និង ញុះញង់​ឱ្យមាន​ការរើសអើង ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ជនជាប់ចោទ​នី ណាក់ អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ​សាច់​ក្រក​តាម​អន​ឡាញ ទីកន្លែង​កំណើត​នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​៨BT ក្រុមទី​២ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជននេះ​ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រ​ព្រ​ត្តិ​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ តាម​ប​ញ្ញ​តិ្ត​មាត្រា ៣០៧ , ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។

​លោក​ចៅក្រម​ស៊ើបសួរ ហុង សុ​គុណ វ​ឌ្ឍ​នា បានចេញ​ដីកា​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ នី ណាក់ ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ និង​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​អប់រំ​កែប្រែ​ទី​(​ម​១) ទទួល​និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​នាយកដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការទទួលខុសត្រូវ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម សូមកុំ​ប្រើពាក្យ​ពេចន៍​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​អ្នកដទៃ មន្ត្រីរាជការ ឬ​ថ្នាក់ដឹកនាំ ព្រោះ​លោកអ្នក​អាច​ប្រឈម​នឹង​ច្បាប់​បាន​៕​

អត្ថបទដែលជាប់ទាក់ទង