អធិការនគរបាលស្រុកកៀនស្វាយ ផ្ដល់អំណោយ ដល់កម្លាំងនគរបាល១២៧រូប
កណ្ដាល៖ដោយពិនិត្យឃើញពីការខិតខំប្រឹងប្រែង បំពេញការងារនៃកម្លាំងនគរបាលស្រុកកៀនស្វាយទាំងមូល នៅតាមបណ្ដាផ្នែកនិមួយៗ រហូតដល់បណ្ដាប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍ ក្នុងការចុះបំពេញការងារទៅតាមជំនាញនិមួយៗ ទាំងថ្ងៃទាំងយប់ ដោយមិនគិតពីការឿយហត់ ដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាពសណ្ដាប់សាធារណៈ តាមដងផ្លូវជូនដល់ប្រជាជន ក្នុងការរស់នៅបានល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ និងបានចូលរួមណែនាំទៅដល់បងប្អូនប្រជាជនគ្រប់រូប ត្រូវធ្វើអនាម័យខ្លួនប្រាណអោយបានស្អាតជានិច្ច ដោយពាក់ម៉ាសការពារ, បាញ់ទឹកអាកុលឬជែលលាងសម្អាតដៃជាប្រចាំ អោយបានញឹកញាប់ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ នៃការឆ្លងរាលដាលមេរោគកូវីដ១៩ និងបានចុះចែកម៉ាសជូនប្រជាជន និងអាជីវករព្រមទាំងអ្នកដំណើរតាមដងផ្លូវផងនោះ ទើបនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានរៀបចំពិធីចែកអំណោយ ដល់កងកម្លាំងនគរបាលចំនួន១២៧នាក់ នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយផ្ទាល់តែម្ដង ដើម្បីទុកជាការលើកទឹកចិត្ត ក្នុងការបំពេញការងារបានល្អប្រសើរ ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអធិការព្រុំ សំណាង បានអោយដឹងថា ចំពោះអំណោយផ្ដល់ជូនដល់កងកម្លាំងនគរបាល នៅពេលនេះ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ១បាវ ស្មើ២០គីឡូក្រាម, ២-សាប៊ូបោកគក់ ០១ធុង, ៣-សាប៉ូលាងចាន ០២ដប ៤-អាល់កុល ០១ដប និងថវិកា ២ម៉ឺនរៀលផងដែរ។ លោកអធិការបន្តទៀតថា ថ្វីត្បិតអំណោយដែលយកមកផ្ដល់ជូនដល់ដៃកងកម្លាំងនគរបាលនៅពេលនេះ មានបរិមាណមិនសូវច្រើនក្ដី តែយើងអាចដោះស្រាយជីវភាពបានមួយគ្រាផងដែរ នៅពេលកងកម្លាំងនគរបាលយើងកំពុងរវល់មមាញឹក ក្នុងការបំពេញការងារហើយសកម្មភាពនេះ គឺជាការគិតគូដោយយកចិត្តទុក្ខដាក់ ពីសំណាក់ថ្នាក់ដឹកនាំ នៃអធិការនគរបាលស្រុកកៀនស្វាយផងដែរ ៕