ស្តាប់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ពីការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់កម្ពុជា
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់កម្ពុជា កម្ពុជាបញ្ជាទិញវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយជាវ៉ាក់សាំងដែលទទួលបានការវាយតម្លៃត្រឹមត្រូវពីអង្គការសុខភាពពិភពលោកផងដែរ។
ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ក្រោយមានការចុះផ្សាយដោយសារព័ត៌មានមួយចំនួន នាំឲ្យមានការភាន់ច្រឡំលើគ្រោងការទិញវ៉ាក់សាំងរបស់ប្រទេសកម្ពុជា។
លោកស្រីបញ្ជាក់ថា “កម្ពុជាបានបញ្ជារទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទូលបាន២០%នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន០៣%នៃ ២០% នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ) ។ វ៉ាក់សាំងដែលកម្ពុជា នឹងទទួលបានតម្រូវឲ្យមានការវាយតម្លៃគុណភាព និងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ធ្វើការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៏ ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ”។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ ដោយអាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់ នឹងទទួលបានវ៉ាក់សាំងកូវីដ–១៩ នៅពេលណាដែរហើយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរ មុននឹងធ្វើការបែងចែក)។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់ តាមការឯកភាពគ្នាជាមុននោះ ហើយយអង្គការសុខភាពពិភលោក ក៏បានវាយតម្លៃប្រសិទ្ធិភាព និងគុណភាពរួចរាល់ជាមុនដែរនោះៗ សមភាពនៃការបែងចែកនឹងត្រូវបានធ្វើទៅតាមសភាពជាក់ស្តែងនៃចំនួនវ៉ាក់សាំង ដែលទទួលបាន ដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេស ដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋ កុំមានការពន្យល់ ឬបកស្រាយណាមួយ ដែលផ្ទុយទៅនឹងគោលការណ៏ ដែលកម្ពុជា បានប្រកាន់យក ជាពិសេសកុំលើកយកប្រសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៏ជូនបងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ មកបកស្រាយខុស។ បើចង់ quote ប្រសាសណ៏សម្តេចតេជោ សូមមេត្តាលើកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឬការភ័ន្តច្រឡំណាមួយ ដែលអាចកើតមានជាឧទាហរណ៏ អត្ថបទដែលបានចុះផ្សាយដោយ Business9 នេះស្រាប់។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើឲ្យសារព័ត៌មាន Business9 ធ្វើការកែតម្រូវជាបន្ទាន់លើបញ្ហានេះ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហាណាមួយលើកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត៕