ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបន្ត ការជួសជុលនិងអ៊ុតផ្លូវជាច្រើនខ្សែដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខណ្ឌដូនពេញ

130

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តសកម្មភាពជួសជុលនិងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៧៤ប្របនឹងគល់ស្ពានជ្រោយចង្វាត្រើយខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានធ្វើសកម្មភាពនាថ្ងៃទី១៧ធ្នូនេះក្រោយពីផ្លូវនេះទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។

    ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ធ្នូនេះ បានចុះពិនិត្យដំណើរការនៃការជួសជុលកែលំអរផ្លូវជាច្រើនខ្សែនេះ ដើម្បីអោយការដ្ឋានដំណើរការបានល្អប្រសើរ។

  ក្រុមមន្ត្រីបច្ចេកទេសបានឲ្យដឹងថា កំណាត់ផ្លូវលេខ៧៤ដែលត្រូវអ៊ុតកៅស៊ូបន្ថែមនាពេលនេះមានប្រវែង២៦០ម៉ែត្រទទឹង១១ម៉ែត្រដោយកែលំអរគ្រឹះ និងចាក់អ៊ុតកៅស៊ូពីលើកៅស៊ូចាស់ប្រភេទ ម៉ាកដាំដែលបានធ្វើឡើងជាយូឆ្នាំមកហើយ ដោយចាក់អ៊ុតកៅបន្ថែមជាលើកដំបូងដើម្បីធានាការប្រើប្រាស់បានយូ ។ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផ្លូវដែលមានសារសំខាន់លើការរំដោះចរាចរ និងសំរួលលំហូរចរាចរណ៏នៅតំបន់គល់ស្ពានជ្រោយចង្វាត្រើយខាងលិចផងដែរ។

   លោកសាំ ពិសិដ្ឋ បានឲ្យិដឹងថា ក្រោយទឹកជំនន់ទឹកភ្លៀងស្រកអស់ ផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោកឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់នឹងត្រូវបានជួសជុលកែលំអរឡើងវិញធ្វើឲ្យប្រជាពលរដ្ឋមាន ក្តីសប្បាយរីករាយក្នុងការធ្វើដំណើរបានងាយស្រួល។

    អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ។ការយកចិត្តទុកដាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពិតជាបានជួយសំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានកែប្រែសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែស្រស់បំព្រងថែមទៀត។ រយះពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញបានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវទៅដំណាលគ្នាតែម្តង។ចំពោះមុខក្នុងខណ្ឌដូនពេញ មានផ្លូវលេខ៧៤,ផ្លូវលេខ៧២,៧៦,រង្វង់មូលគួចកាណុងនិងកំណាត់ផ្លូវប៉ាស្ទ័រចាប់ពីផ្លូវលេខ១១៤(ផ្លូវក្រមួនស)ដល់ផ្លូវព្រះសីហនុប្រវែង១៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះនឹងត្រូវធ្វើការជួសជុលកែលំអរដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះ៕

 

អត្ថបទដែលជាប់ទាក់ទង