ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួសជុល​ស្ថាបនា​កំណាត់​ផ្លូវ​លេខ​២០០ ត្រង់ចំណុច​បែកចេញ​ពី​ផ្លូវ​ឯករាជ្យ ស្ថានីយ៍​ប្រេង​សូគីម៉ិច ចូលទៅ​ផ្សារលើ ធ្វើ​ឲ្យ​រួចរាល់ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ២០២១ ខាងមុខ​

312

 

​ព្រះសីហនុ​៖ ការជួសជុល​ស្ថាបនា​កំណាត់​ផ្លូវ​លេខ​២០០ ត្រង់ចំណុច​បែកចេញ​ពី​ផ្លូវ​ឯករាជ្យ​ត្រង់​ស្ថានីយ៍​ប្រេង​សូគីម៉ិច ចូលទៅ​ផ្សារលើ ដែល​អនុវត្តន៍​គម្រោង​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ ទាំង​ការស្ថាបនា​តួ​ផ្លូវ ប្រព​ន្ធ័​លូបង្ហូរទឹក និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​សងខាង​ផ្លូវ ហើយ​គម្រោង​នេះ​ស្ថិតក្រោម គម្រោង​វិនិយោគ ស្តារ និង​អភិវឌ្ឍ​ន៏ ហេដ្ឋារចនាសម្ព័ន្ធ នៅ​ខេត្ត​ព្រះសីហនុ ដោយ​ប្រើប្រាស់​ថវិកា​សន្សំ​របស់​ជាតិ តាមរយៈ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ។​

​បើតាម​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ ១៧ ធ្នូ ២០២០​ថា ផ្លូវ​នេះ​មាន​ចាក់គ្រឹះ​បេតុង​ខាងក្រោម និង​ចាក់​អ៊ុត​កៅស៊ូ​ពីលើ ហើយ​គម្រោង​នេះ តាម​ការណែនាំ​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្រុមការងារ​បច្ចេកទេស​នឹង​ខិតខំ​ធ្វើ​ឲ្យ​រួចរាល់ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ២០២១ ខាងមុខ ។

ជាមួយគ្នានេះ មន្ត្រី​ជំនាញ​បាន​សុំ​ការយោគយល់​ពី​ពលរដ្ឋ​ឬ​កន្លែង​អាជីវកម្ម​ផ្សេងៗ ជាប់​សងខាង​ផ្លូវ ចំពោះ​ការប៉ះពាល់​មួយចំនួន ដូចជា​ករណី ពិបាក​ចេញ ចូល​មុខផ្ទះ​ជាដើម ក្នុង​រយៈពេល​ការជួសជុល​កំពុងដំណើរកា​រ ។​
​បើតាម​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា គម្រោង​សាងសង់ ជួសជុល​កំណាត់​ផ្លូវ​ក្រុង​លេខ ២០០ (​វិថី ៧ មករា​) បាន​ត​ភ្ជាប់​គ្នា​ចាប់ពី ស្តុ​ប ៣៣៣ រហូតដល់ ផ្លូវ​លេខ ៨០០ មាន​កម្រាល​ជា​បេតុង​ស​សៃ​ដែក កម្រាស់ ២៥​ស​.​ម និង​អ៊ុត​បេតុង​កៅស៊ូ AC កម្រាស់ ៧​ស​.​ម មាន​ដូចខាងក្រោម ៖
– បណ្តោយ ប្រវែង ១៥២០ ម៉ែត្រ​
– ទទឹង ប្រវែង ពី ១២,២០​ម៉ែត្រ ទៅ ២១,៧០​ម៉ែត្រ​
– លូ​អ៊ុយ ទំហំ ១​ម៉ែត្រ​x ១​ម៉ែត្រ​សម្រាប់​ទឹកភ្លៀង សងខាង​ផ្លូវ​
– លូ​អ៊ុយ ទំហំ ០,៦​ម៉ែត្រ x ០,៦​ម៉ែត្រ​សម្រាប់​បណ្តាញ​សាធារណៈ​ក្រោម​ដី សងខាង​ផ្លូវ​
– លូ​មូល មុខកាត់ ០,៥​ម៉ែត្រ ប្រភេទ ទុយោ​ជ័រ​អង្កាញ់ សម្រាប់​ទឹក​កខ្វក់ សងខាង​ផ្លូវ​
– លូ កាត់​ទទឹង​ថ្នល់ សម្រាប់​បណ្តាញ​សាធារណៈ​ចំនួន ១០ កន្លែង​
– ខឿន​ចិញ្ចើម អំពី​បេតុង​សងខាង​ផ្លូវ
– ភ្លើង​បំភ្លឺ សាធារណៈ​ចំនួន ១០២ ដើម ៕

អត្ថបទដែលជាប់ទាក់ទង