ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ ខេត្ដបន្ទាយមានជ័យ ស្រូវបង្កើនរដូវ៨០០០ហិកតាត្រូវបានស្ដារឡើងវិញ ក្រោយជំនន់ទឹកភ្លៀង

91

បន្ទាយមានជ័យ៖ ដំណាំស្រូវបង្កើនរដូវជាង៨០០០ហិកតា របស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រូវបានស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង បានជន់លិច បំផ្លាញកាលពីខែ តុលា កន្លងមកនេះកំពុងមានដើមដង លូតលាស់ល្អនៅគ្រប់ទីកន្លែង។
ក្នុងឱកាស ចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញក្រោយជំ នន់ ទឹកភ្លៀង កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ស្រូវដែលកំពុងមានការ លូតលាស់ល្អនេះគឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី បាន និងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវនេះនា ពេលខាងមុខ។
លោកបានបន្តទៀតថា ថ្ងៃនេះខ្ញុំ រួម ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។
យោងរបាយការណ៍របស់ឃុំបានបង្ហាញឱ្យដឹងថា ក្រោយពីទទួលបានពូជ ស្រូវបងប្អូនប្រជាកសិករចាប់ផ្តើមមមាញឹកធ្វើការបង្កបង្កើនផលដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង៤០០០ហិកតា ឃុំចំណោមបានចំនួន៣៥០០ហិកតា និងឃុំ រហាត់ទឹកបានចំនួនជាង៨០០ហិកតា គឺលើសផែនការកំណត់ដែលក្នុងឃុំនិមួយៗឱ្យធ្វើតែ ចំនួន១៥០០ហិកតាប៉ុណ្ណោះ ចៀសវាងបញ្ហាប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនោះ។
ជាមួយ នោះដែរអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការ ក្រើនរម្លឹកដល់ អាជ្ញាធរដែនដីរួមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សា ទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង