នៅខណ្ឌទួលគោកមានផ្លូវ ចំនូន៧ខ្សែ ដែលបាននិងកំពុងជួសជុលឡើងវិញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានផ្លូវចំនូន៧ខ្សែ ដែលបាននិងកំពុងជួសជុលឡើងវិញ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងសកម្មភាពចុះពិនិត្យការដ្ឋាន នៅផ្លូវលេខ២៨៥ នាព្រឹកថ្ងៃទី១៩ធ្នូនេះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រទទឹង៨ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ជាផ្លូវមួយ ក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌ ដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសំរេចឲ្យធ្វើ ការជួសជុលកែលំអរឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោកឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល
បានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។
លោកឯក ឃុនដឿន បានឲ្យដឹងទៀតថា ផ្លូវលេខ២៨៥ ដែលត្រូវធ្វើ ការជួសជុលនាពេលនេះ គឺយើង កាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។
លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និង ចិញ្ចើមផ្លូវ សូមបងប្អូនរំកិលចូលក្នុងឲ្យផុតទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូននិងបានរួចរាល់តាមការគ្រោងទុក។ម៉្យាងទៀតកំណាត់ផ្លូវ នេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរពីផ្លូវលេខ៧០(ទំនប់ទួលគោក)និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។
លោកឯក ឃុនឌឿន ក៏បានសុំការយោគយល់ពី សំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវ រយៈពេលពេលខ្លីដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងការចលត័ ក្នុងការដ្ឋាន៕