ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាន​ករណី ផ្ទុះអាវុធ ច្រើន​គ្រាប់ ក្នង​ករណី ជម្លោះ ដីធ្លី​រវាង ប្រជាពលរដ្ឋ និង ក្រុម​ឧកញ៉ា នៅ ខេត្ត​ព្រះសីហនុ​

95

​ព្រះសីហនុ ៖​សមត្ថកិច្ច​បានអោយដឹង​ថា មាន​ករណី​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​ឧកញ៉ា ភឺន ផល្លា រឿង​ជម្លោះដីធ្លី រហូតដល់​មានការ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​បណ្តាលឱ្យ​ខាង​ប្រជាពលរដ្ឋ មាន​អ្នករបួស​ជាច្រើន​នាក់​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​រសៀល ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ភាគី​ខាង​ពលរដ្ឋ បាន​អះអាងថា ខ្មាន់កាំភ្លើង​ខាង​ក្រុម​ឧកញ៉ា​មួយរូប មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ឡោមព័ទ្ធ​កាក់​ទុក​រថយន្ត​មួយគ្រឿង​របស់​ជនសង្ស័យ​មិនឱ្យ​ទៅមុខ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ចុះទៅ​ដល់​ផងដែរ​។ ក្នុងករណីនេះ ពលរដ្ឋ​បាន​អះអាងថា ក្រុម​ឧកញ៉ា បាន​ទៅ​រំលោភ​យក​ដីធ្លី​របស់​ពួកគេ​ដែល​បានរស់នៅ​ច្រើន​ឆ្នាំ​មកហើយ បន្ទាប់មក​ប្រជាពលរដ្ឋ​ច្រើន​នាក់​បាននាំគ្នា​តវ៉ា​រហូត​ដល់​មានការ​ផ្ទុះអាវុធ​នេះ​។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ពិត​ជាមាន​ករណីនេះ​កើតឡើង​ប្រាកដ​មែន ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​ធ្វើ​របាយការណ៍​អំពី​ករណីនេះ និង​មិនទាន់​អាច​បញ្ជាក់​លម្អិត​អំពី​ករណីនេះ​បាន​នៅឡើយ​ទេ​៕​


អត្ថបទដែលជាប់ទាក់ទង