ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ជួបប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ

153

 

ភ្នំពេញ​៖​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ថ្លែង​ក្នុងឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់ថា ជំនួប​ទ្វេភាគី​នេះ​បានបង្ហាញ​ពី​ការតាំង​ចិត្ត និង អនុលោម​ទៅតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) លើក​ទី​១៤ ដែល​បាន​ឯកភាពគ្នា​ក្នុងការ​បង្កើត​ឲ្យ​មាន​ជំនួប​ប្រចាំឆ្នាំ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ហើយ​ផ្តើមចេញពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​គ្រប់​វិស័យ​មានការ​រីកចម្រើន ស្ថានភាព​នៅតាម​បន្ទាត់​ព្រំដែន​មាន​ភាពល្អប្រសើរ ដែលជា​គោលដៅ​ចង់បាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ភូមិន្ទ​ថៃ ដែល​កន្លងមក​បានរួម​ចំណែក​អភិវឌ្ឍន៍​សមត្ថភាព​យោធិន​នៃ​កង​យោធ​ល​ខេមរភូមិន្ទ តាមរយៈ​ការជួយ​បណ្តុះបណ្ដាល រួម​នឹង​កិច្ចសហការ​ដោះមីន និង​ការទប់ស្កាត់​បទល្មើស​នា​នា​តាម​ព្រំដែន​ជាដើម​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បាន​ថ្លែងអំណរគុណ​ដល់​ភា​ភី​ថៃ ដែល​ក្នុងស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ថៃ​នៅបាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ចូលទៅ​ព្យាបាល​ជំងឺ និង​ការទទួលយក​ពលករ​ស្របច្បាប់​កម្ពុជា​ឲ្យ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​វិញ​។

​នាយ​ឧត្ដមសេនីយ៍ សង្ឃឹមថា កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បន្ត​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ផ្លាស់ប្តូរ​ពត៌មាន​ចារកិច្ច និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ពិសេស លំ​ហាត់​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ និង សង្គ្រោះ​គ្រោះមហន្តរាយ​។

​ជា​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បាន​គូសបញ្ជាក់ថា ក្នុងស្ថានភាព​បច្ចុប្បន្ន​ដោយសារ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩ ប្រទេស​ថៃ​បានកត់សម្គាល់​ដល់​ការធ្វើដំណើរ​ឆ្លងដែនរ​វាង​ប្រទេស​ទាំងពីរ ក្នុងនោះ​ភាគី​ថៃ​បាន​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលមក​ព្យាបាល​ជំងឺ បើទោះជា​មានការ​បិទ​ព្រំដែន​ក៏ដោយ​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ បាន​បន្តថា មកដល់ពេលនេះ​ប្រទេស​ថៃ​មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ឆ្លង​ទៅដល់​ពលករ​កម្ពុជា និង​សូម​ឲ្យ​កម្ពុជា​មានការ​ជឿជាក់​លើ​ចំណាត់ការ​នេះ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ភាគី​ថែ​នឹងដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងប្រទេស​ថៃ​។

​នាឱកាស​នោះដែរ ក្នុងនាម​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​បានផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​ថៃ ដើម្បី​សិក្សា​ភាសា​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។

​លើ​បញ្ហា​រួម​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បានលើកឡើង​ពី​បញ្ហា​គ្រាប់មីន ដែល​ភាគី​ថៃ​មាន​គម្រោង​កំចាត់មីន​តាម​ព្រំដែន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ដោយមាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា លើ​មូលហេតុ​នៅ​តំបន់​មួយចំនួន​ពុំទាន់​បាន​ដោះស្រាយ​បោះបង្គោល​ព្រំដែន​រួចរាល់​នោះ គម្រោង​នេះ​ក៍​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដូច្នេះ​ភាគី​ថៃ​បាន​ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​ភាគី​កម្ពុជា​ឡើងវិញ ដោយ​ភាគី​ថៃ​ចាត់ទុក​បញ្ហា​នេះ​ជា​កិច្ចការ​មនុស្សធម៌ និង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង