ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ថៃ ពេលនេះ កាន់​តែមាន​ភាពរឹងមាំ ជាង​ពេលណា​ទាំងអស់​

73

 

​ភ្នំពេញ​៖ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ បាន​ផ្ញើ​សារលិខិត​មួយ​ជូន សម្រាប់​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ឆ្នាំនេះ​។

​បើតាម​លិខិត​របស់ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ សូម​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ថៃ និង​កម្ពុជា កាន់​តែមាន​ភាពរឹងមាំ​ជាង​ពេលណា​ទាំងអស់ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​ទូលាយ និង​ផលប្រយោជន៍​រួម​លើ​គ្រប់​វិស័យ​។​

​លោក​បញ្ជាក់ថា ជា​ប្រទេសជិតខាង​ជា​មិត្ត តំបន់​ព្រំដែន​របស់​យើង​កំពុង​ទទួលបាន​នូវ​ស្ថិរភាព និង​សន្តិភាព យូរអង្វែង ដោយមាន​ពាណិជ្ជកម្ម​ឆ្លងដែន​រីកចម្រើន​ឥតឈប់ឈរ ដែល​នាំមក​នូវ​ការងារ​បន្ថែម និង បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ប្រទេស​កម្ពុជា​-​ថៃ បានចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឡើងវិញ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៥០ ហើយ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅណេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង ការទូត​របស់​ប្រទេស​ទាំងពីរ​។​

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ បាន​កើនឡើង​យ៉ាង​លឿន​គួរឱ្យកត់សម្គាល់​ពី​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក កាលពី​២០​ឆ្នាំមុន មក​ជាង ៩​ប៊ី​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ​២០១៩​។ ការវិនិយោគ​របស់​ថៃ​នៅ កម្ពុជា បាន​កើនឡើង ដោយបាន​រួមចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ច ថែ​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​កម្លាំង​ពលកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់ ប្រទេស​កម្ពុជា​ផងដែរ​។​

យើង​ក៏បាន​ទទួល​នូវ​វឌ្ឍនភាព​ដ៏​ល្អប្រសើរ​ក្នុង​ការតភ្ជាប់​របស់​យើង ដែល​ស្តែងចេញ​តាមរយៈ ស្ពាន​មិត្តភាព​ថៃ​-​កម្ពុជា (​បាន​ណង​អៀន​-​ស្ទឹង​បត់​) ដែល​ត​ភ្ជាប់​ខេត្ត​ស្រះកែវ និង​ខេត្តបន្ទាយមានជ័យ និង​ការ​ស្តារឡើងវិញ​នូវ​សេវាកម្ម​ផ្លូវដែក ដែល​នឹង​ត​ភ្ជាប់​សហគមន៍​នៃ​ប្រទេស​ថៃ និង​កម្ពុជា ក្នុងពេល​ឆាប់ៗ ព្រមទាំង​និង​រួមចំណែក​ដល់​លំហូរ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​វិស័យ​អប់រំ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ គឺជា​គំរូ​នៃ​ភាពជោគជ័យ​សម្រាប់​ស្ថាប័ន​វិជ្ជាជីវៈ​ដទៃទៀត ហើយ​បាន​ផ្តល់ឱកាស​ជាច្រើន​ដល់​យុវជន កម្ពុជា ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ ថ្មីៗ​នេះ យើង​ក៏បាន​ធ្វើការ​រួមគ្នា​ក្នុងការ​កាត់បន្ថយ​ផល ប៉ះពាល់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង​ផងដែរ ដែល​បើកផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​តំបន់ និង​អន្តរជាតិ​នាពេល​អនាគត​។​

​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មិត្តភាព​រវាង​ថៃ និង​កម្ពុជា មាន​ភាពរឹងមាំ និង ឋិតថេរ ហើយ​ប្រជាជន​របស់​យើង ជាពិសេស​យុវជន​ជំនាន់​ក្រោយ​របស់​យើង​នឹង​បន្ត​ធ្វើការ​ជាមួយ គ្នា​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់​មួយ ដើម្បី​សន្តិភាព វិបុលភាព និង​ការអភិវឌ្ឍ​រួមគ្នា​៕​

អត្ថបទដែលជាប់ទាក់ទង