ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដី​ថ្លែងការណ៍​រួម៖ សូមទម្លាក់​ចោលរាល់​ការចោទប្រកាន់​​ចំពោះតំណាងសហគមន៍ដីធ្លីទាំងអស់ និងដោះលែងតំណាងសហគមន៍ ៣នាក់

93

 

ភ្នំពេញ៖ សេចក្ដី​ថ្លែងការណ៍​រួម៖ យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ សហជីព និងសហគមន៍ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្ដាយ និងព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះការចាប់និងឃុំខ្លួនតំណាងសហគមន៍ដីធ្លីចំនួន៣នាក់ ក៏ដូចជាការចោទប្រកាន់ទៅលើតំណាងសហគមន៍ដីធ្លីជាង៥០នាក់ទៀត កាលពីពេលថ្មីៗកន្លងមកនេះ និងសូមស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ​ ។

លោក ផុន ​សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅច្រកផ្លូវចូលទៅក្រុមហ៊ុន យិះ ជៀ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីលោកត្រលប់ពីចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងសកម្មភាពការងារប្រចាំឆ្នាំ២០២០ ជាមួយ សមាគមសម្ព័ន្ធកសិករកម្ពុជា ដែលប្រារព្ធឡើងនៅសហគមន៍ថ្មធំព្រែកត្របែក ភូមិអណ្តូងត្របែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៣ ចុះថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០​​ ដោយចោទប្រកាន់ពីបទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្ត​ អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តតាមបណ្តាញសង្គម ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ។​ លោកក៏ត្រូវបាន​នាំខ្លួនពីខេត្តព្រះសីហនុ ​មកឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ​ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនបានផ្តល់ព័ត៌មានដល់ក្រុមគ្រួសាររបស់គាត់ឱ្យស្របទៅតាមនីតិវិធីឡើយ​ ។​ ​ក្រោយមកទើបក្រុមគ្រួសារបានដឹងព័ត៌មានតាមរយៈ មន្ត្រីពន្ធនាគារបានធ្វើការទាក់ទងទៅពួកគាត់ ។​ តាមការចោទប្រកាន់នេះ​​លោក ផុន សុផល​ អាចត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារចំនួនពី៦ខែ ទៅ២ឆ្នាំ តាមបញ្ញត្តិមាត្រា៤៩៤​និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្មនៃព្រះរាជាណាចក្រកម្ពុជា ។ លោក ផុន សុផល ជាតំណាងសហគមន៍ដីធ្លីជាំក្រវៀន ខេត្តត្បូងឃ្មុំ តែងតែធ្វើសកម្មភាព ក្នុងការជួយជ្រោមជ្រែងការពារសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងតែងតែឈឺឆ្អាលចូលរួមតស៊ូមតិដោយសន្តិវិធី ពីបញ្ហាអយុត្តិធម៌សង្គម និងព្រឹត្តិកាណ៍សង្គមនានា ស្របតាមច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង