ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករដែលបាញ់សម្លាប់ នាយរងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចម្រុះ បាញ់សម្លាប់ស្របពេលជនដៃដល់ព្យាយាមបាញ់តដៃ

71

ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញ របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបករណី ឃាតកម្មបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពីមានហេតុការណ៍បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់កំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

នៅវេលាម៉ោង ១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យរឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួនដោយបាញ់តបតគ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

វត្ថុតាងដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។
បច្ចុប្បន្នសាកសពបានប្រគល់ឲ្យធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរឃុំ ដើម្បីចាត់ចែងតាមនីតិវិធី ។
អាស្រ័យហេតុនេះ សូម សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង