អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៣កេីត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៣០គ្រួសារ មកពី ៨ភូមិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលេីកឡេីងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលេីកឡេីងបន្តថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកប្រធាន បញ្ជាក់ថា អំណោយដែលទទួលបានក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ១បាវ=៣០គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១យួរ, ឃីត ១កញ្ចប់ រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕