ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការផ្គត់ផ្គង់ និង​ការបញ្ជាទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​

118

 

​សៀមរាប ៖ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ផ្សារ​កសិផល​និង​ចំណីអាហារ (FOOD AND AGRICULTURE MARKET) និង​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ដ អ៊ិន​ដាស​ទ្រី ខូ អិ​ល​ធី​ឌី (LYLY FOOD INDUSTRY CO., LTD.) ស្តីពី​ការផ្គត់ផ្គង់ និង​ការបញ្ជាទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ នៅ​សណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប​។ ពិធី​ចុះហត្ថលេខា​នេះ អញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក លោកជំទាវ​ឧកញ៉ា កែវ មុំ អភិបាល​ក្រុមហ៊ុន លី លី ហ្វ៊ូ​ដ អ៊ិន​ដាស​ទ្រី ខូ អិ​ល​ធី​ឌី លោក សាំង ស៊ីវ​ញ៉ែម អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​កសិផល និង​ចំណីរ​អាហារ និង​ឯកឧត្តម លោក លោកស្រី នាង​កញ្ញា ផលិតករ និង​អាជីវករ​ជាច្រើនរូប​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​មាន​គូស​ញ្ជា​ក់ថា ក្រសួងពាណិជ្ជកម្ម​ជំរុញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បង្កើន​ប្រាក់ចំណូល​ដល់​បងប្អូន​កសិករ​ផលិត​របស់​យើង ដែល​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ «​កន្លងមក​ទីផ្សារ​បន្លែ​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់ ប៉ុន្តែ​ការផ្គត់ផ្គង់​មិនទាន់មាន​ភាពជាក់លាក់ និង​នៅមានកម្រិត​ទាំង​បរិមាណ និង​គុណភាព ដែល​ធ្វើឱ្យ​តម្លៃ​កសិផល​ដែល​កសិករ​ផលិត​បាន​មិន​ប្រាកដប្រជា​។ ក្រសួងពាណិជ្ជកម្ម​ដែល​ដឹកនាំ​ប្រតិបត្តិ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច បានចាប់ផ្តើម​ធ្វើ​កិច្ចការ​ដោយផ្ទាល់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការផលិត​និង​ទីផ្សារ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ផ្សារ​កសិផល​និង​ចំណីអាហារ និង​ក្រុមហ៊ុន លី លី ហ្វ៊ូ​ដ​អ៊ិន​ដាស​ទ្រី ខូ អិ​ល ធី​ឌី ស្តីពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ នៅលើ​ទឹកដី​សៀមរាប​អង្គរ​នាពេលនេះ គឺជា​សមិទ្ធផល​មួយទៀត ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ក្នុង​ការតភ្ជាប់​ក្រុម​អ្នក​ផលិត អ្នកប្រមូល​ទិញ និង​រោងចក្រ​កែច្នៃ ដែលជា​កិច្ចការ​ដ៏​មាន​អត្ថប្រយោជន៍​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការបង្កើន​ចំណូល​ជូន​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​មហា​ឡោ​រិ​ក​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានផ្តល់​អនុសាសន៍​ដ​ល់​ភាគី​ហត្ថលេខី​ទាំងពីរ ត្រូវ​រក្សា​ឱ្យបាន​ទាំង​បរិមាណ​និង​គុណភាព និង​សហ​ការឱ្យ​បានល្អ ដើម្បី​ធានា​ដំណើរការ​នៃ​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ​ឱ្យ​រលូន និង​មាន​និរន្តរភាព​។ ចែករំលែក​ព័ត៌មាន​ជាមួយគ្នា​ទៅវិញទៅមក និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​អាច​កើតមានឡើង​ក្នុង​ដំណើរការ​នៃ​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ​។
​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក​បន្ថែម​លើ​មុខទំនិញ​ក​សិ​-​ពាណិជ្ជកម្ម​ដទៃទៀត ព្រមទាំង​គាំទ្រ​ដល់​ផលិតផល ដែល​កសិករ​ផលិត​បាន និង​ជំរុញ​ការផលិត​ឱ្យមាន​គុណភាព និង​សុវត្ថិភាព​។ «​ការសហការ​គ្នា​ល្អ​ក្នុងការ​ផ្គត់ផ្គង់ និង​បញ្ជា​ទិញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ នឹង​បង្កើតឱ្យមាន​ការទុកចិត្ត​គ្នា​ក្នុងការ​ធ្វើឱ្យ​តម្លៃ​ផលិតផល​ទាំងនេះ នៅក្នុង​ទីផ្សារ​កាន់តែ​មាន​ស្ថិរភាព និង​រីកចម្រើន​មួយកម្រិត​ទៀត​។​» ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​សង្កត់ធ្ងន់​។​

​សូម​ជម្រាបជូន​ថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS)​ខេត្តសៀមរាប បាននិងកំពុង​អនុវត្ត​នៅ​ស្រុក​ចំនួន​០៨ ដែលមាន​កសិករ​ផលិត​ចំនួន ១៥០​ក្រុម ហើយ​បានធ្វើ​ការតភ្ជាប់​រវាង​ក្រុម​ផលិត​ទៅកាន់​ទីផ្សារ​តាមរយៈ​អ្នកប្រមូល​ទិញ​ក្នុង​តំបន់ ផ្សារ​ទំនើប និង​ការបង្កើតឱ្យមាន​ទីតាំង​លក់​បន្លែ​ផ្សារ​ចុង​សប្តាហ៍ ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាលខេត្ត និង​សហការ​ពី​សភាពាណិជ្ជកម្ម មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​ដៃគូរ​ពាក់ព័ន្ធ​។ ដើម្បី​ស្វែងរក​ទីផ្សារ​បន្ថែមទៀត​ដល់​ក្រុម​ផលិត​ដែលមាន​សក្តានុពល ក្រុមការងារ​គម្រោង​AIMS ពិភាក្សា​ជាមួយ​ក្រុមហ៊ុន លី​លី ហ្វ៊ូ​ដ​អ៊ិន​ដាស​ទ្រី ដែល​មានបំណង​ស្វែងរក​ការផ្គត់ផ្គង់​ផលិតផល​កសិពាណិជ្ជកម្ម​សម្រាប់​បម្រើឱ្យ​ការកែច្នៃ​របស់ខ្លួន​។ គម្រោង​បាន​ត​ភ្ជាប់​ក្រុមហ៊ុន លី​លី ជាមួយ​ផ្សារ​កសិផល​និង​ចំណីអាហារ សម្រាប់​ផ្គត់ផ្គង់​បន្លែ​ក្នុង​បរិមាណ​មួយ​ទៀងទាត់ ហើយ​ផលិតផល​មួយចំនួន​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ និង​បាន​សាកល្បង​ដាំ​រួចហើយ​រួមមាន ផ្លែ​ល្ពៅ​និង​ត្រលាច​នៅតាម​ក្រុម​ផលិត ដែល​ក្រុមហ៊ុន​មាន​តម្រូវ​ការប្រមាណ​ជា​០២​តោន ក្នុង​០១​ថ្ងៃ ជាមួយ​ការផ្តល់​តម្លៃ​សមរម្យ​ដែល​កសិករ​អាច​ទទួល​យកបាន ចំណែក​ផលិតផល​សណ្តែក​គួរ និង​ពោត​បារាំង​វិញ នឹង​បន្តធ្វើ​ការសាកល្បង​នៅពេល​បន្តបន្ទាប់​គ្នា​៕

អត្ថបទដែលជាប់ទាក់ទង