ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ​កម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

91

 

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​ពាណិជ​កម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ជាច្រើនរូប​ទៀត​។​

​ឆ្លៀ​ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​ដែល​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេចបាន​កន្លងមក​គួរ​ជាទី​មោទនៈ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ជាពិសេស​កិច្ចសហការ​ល្អជា​មួយរ​ដ្ឋ​បាល​ខេត្ត និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ជា​មធ្យម ៧% ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​វិស័យ​ពាណិជ្ជ​កម្មបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការរក្សា​នូវ​កំណើនសេដ្ឋកិច្ច​នេះ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ ទាំង​ការងារ​ផ្តល់​សេវាសាធារណៈ និង​ការងារ​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​រក​ទីផ្សារ​។ ជាក់ស្ដែង​ការងារ​ផ្តល់​សេវាសាធារណៈ ក្រសួង​បាន​អនុវត្ត​ការចេញ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ​ជា​អេឡិចត្រូនិក​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការផ្តល់​អាជ្ញា​បណ្ណ​នាំចេញ នាំចូល​វិញ្ញាបនបត្រ​ត្បូង​ពេជ្រ​មិនទាន់​កែច្នៃ (​គឹម​ប័​រលី​ប្រូ​សេស​) ក៏ដូចជា​បាន​ចូលរួម​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​រួម​(CAM DX) ដែល​អាច​ភ្ជាប់​ព័ត៌មាន​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ទទួលបាន​ការចុះបញ្ជី​តែ​ក្នុង​រយៈពេល ០៣​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ជួយ​ដល់​ការចុះបញ្ជី​ម៉ាក​វិញ្ញាតកម្ម “MALYS ANGKOR” ម៉ាក​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” បាន​ចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​លី​ស្បោ​ន ស្តីពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​បាន​សម្របសម្រួល​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​” “​អំបិល​និង​ផ្កាអំបិល​កំពត​” ក្រូចពោធិ៍សាត់​-​ខេត្តពោធិ៍សាត់​” ជំរុញ​ការប្រើប្រាស់​រូប​សញ្ញា​ជាតិ​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” “​ស្ករត្នោត​កំពង់ស្ពឺ​” ក្រូចថ្លុង​កោះ​ទ្រង់​” និង​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ព្រមទាំង​រៀបចំ​ចុះបញ្ជី​ម៉ាក​សមូហភាព “​អំបុក​កំពង់ធំ​” “​ពង​ទា​កូន​ខេត្តតាកែវ​” “​នំ​បញ្ចុក​ខេត្តសៀមរាប​” “​ចម្លាក់​ប្រាក់​-​ស្ពាន់ ខេត្តកណ្តាល​” “​ស្មូន​ឆ្នាំងដី​” កំពង់ឆ្នាំង​។​

​ចំណែកឯ​ការងារ​ពាណិជ្ជ​កម្ម​ក្រៅប្រទេស និង​រក​ទីផ្សារ​វិញ ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ខែតុលា ឆ្នាំ​២០២០ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជាមួយ​នោះដែរ ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក៏បាន​ដំណើរការ​យ៉ាង​រលូន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង