ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំ​វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២

116

 

​សៀមរាប ៖ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា មាន​រៀបចំ​វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ដែល​វេទិការ​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ក្រុមការងារ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ភ្ញៀវ​កិ​ត្ដិ​យស​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង ៥០០​នាក់​។

​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គពិធី​ដ៏​មាន​សារសំខាន់​នេះ ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​អន្តរក្រសួង​ក្រោម​ការសម្របសម្រួល​រប​ស់​ក្រសួងទេសចរណ៍ ដែល​បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​រដ្ឋ បាល​ខេត្តសៀមរាប ព្រមទាំង​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​រៀបចំ​វេទិកា​នេះ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​។ ភ្ជាប់​ទៅនឹង​ប្រធានបទ​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋ មន្ត្រី​បានបញ្ជាក់​ជូន​អង្គពិធី​ជ្រាបថា រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយនា​គ្រប់​កាលៈទេសៈ ហើយ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង ដែលមាន​ការរីក ចម្រើន​យ៉ាងខ្លាំង និង​ប្រកបដោយ​សក្តានុពល ស្របតាម​របៀបវារៈ​នៃ​អង្គ​វេទិកា​នាពេលនេះ ហើយ​ពិតជា​បាន​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​លើ​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ថា​ជា “ ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ” និង​ជា ពិសេស​គោលនយោបាយ​ជាតិ អេកូ​ទេសចរណ៍ ២០១៩-២០៣០​។ ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​កូ​វីដ​-១៩ សម្រាប់​វិស័យ​កសិកម្ម យើង​ត្រូវ​ចូលរួម​គាំទ្រ និង​ជំរុញ​ដើម្បី ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួត ប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ ប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ លុបបំបាត់​ភាពអត់ឃ្លាន សម្រេចបាន​សន្តិសុខ​ស្បៀង ធើ្វ​ឱ្យ​ប្រសើរឡើង​អាហារូបត្ថម្ភ និង​ជំរុញ​ការអភិវឌ្ឍ​កសិកម្ម​ប្រកប ដោយ​និរន្តរភាព ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម និង​វិសាលភាព​ថ្មី​លើកកម្ពស់​ពិពិធ​ភាវូបនីយកម្ម​ដំណាំ ដែលមាន​សក្តានុពល និង​មាន​តម្រូវការ​ទីផ្សារ​រួមទាំង​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ដែល​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ថែមទៀត ព្រម ទាំង​ការអនុវត្ត​គោលនយោបាយ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ដើម្បី​កែប្រែ​ជីវភាព​របស់​បងប្អូន​ដែល​ប្រកបមុខរបរ​កសិកម្ម​ឱ្យទៅជា “​ក​សិ​-​ពាណិជ្ជករ​” និង​ទទួលបាន​តម្លៃបន្ថែម​ក្នុង​ជីវភាព​រស់នៅ ជាពិសេស​ធានាបាន​នូវ​អាហារូបត្ថម្ភ និង​មាន​អតិរេក​សម្រាប់​ការនាំចេញ ដោយ​មិនត្រូវ​មើលរំលង​អំពី​ការបង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង អភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​ជលផល ដើម្បី​និរន្តរភាព​នៃ​ភពផែនដី ប្រកបដោយ​ភាតរ​បរិស្ថាន និង​ភាព​ទាក់ទាញ​ពី​ភ្ញៀវទេសចរ​ផងដែរ​។​

​ឆ្លៀត​យក​ឱកាស​នេះ ក៏បាន​ជម្រាបជូន​អង្គពិធី​ជម្រាប​ថា បច្ចុប្បន្ន​សហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោម​សហគមន៍​នេសាទ​ទាំងអស់​៥១៦ មាន​សក្តានុពលភាព​អាច​បង្កើតជា​សហគមន៍​ទេសចរណ៍ធម្មជាតិ ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​គោលដៅ​ជុំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ជា ចម្បង​។ ជាក់ស្តែង សហគមន៍​នេសាទ​ចំនួន ២៧ បាននិងកំពុង​ដំណើរកា​រ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​បឹង​ទន្លេសាប​នៅក្នុង ៩​ខេត្ត រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និង​ខេត្ត កោះកុង​។ ដោយឡែក យើង​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៦៣៨ ក្នុងនោះ​បានធ្វើ​ផែនការ​គ្រប់គ្រង​ចំនួន​១០៣ ព្រមទាំង​មាន​តំបន់​ព្រៃឈើ​តាម​បណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ចម្ការ​ឈើ​ដាំ ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ចម្ការ​ក​សិ​-​រុក្ខកម្ម ចម្ការ​រុក្ខទិវា​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​អាច​អភិវឌ្ឍ​ទៅជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ និង​តំបន់​លំហែ​កម្សាន្ត​ផងដែរ​។ ក្រៅពី​សហគមន៍​នេសាទ និង​សហគមន៍​ព្រៃឈើ ក្រសួង​បាន​បង្កើត​សហគមន៍​កសិកម្ម​បាន​ចំនួន​១ ១៩០ និង​សហភាព​សហគមន៍​កសិក​ម្ម​ចំនួន​១១ ដែល​សុទ្ធ​តែមាន​សក្តានុពល​ស​ម្រា​ប់​បង្កើតជា​តំបន់​ក​សិ​-​ទេស ចរណ៍​នាពេល​អនាគត​។ ក្នុងខណ​:​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ឲ្យ​ឃើញ​អំពី​ចំណុច ខ្លាំង ចំណុចខ្សោយ​ក្នុងការ​ដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការបែងចែក​ផល​លាភ ការអភិរក្ស ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​ល​។ តែ​ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមការងារ​អន្តរក្រសួង និង​សហគមន៍​អេកូ​ទេសចរណ៍​សម្រេចបាន​នាពេល​កន្លងមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា​វេទិកា​ជាតិ​នេះ នឹង​ផ្តល់ឱកាស​ជួបជុំគ្នា​ដើម្បី​ពិនិត្យ​តាមដាន​អំពី​វឌ្ឍនភាព កាលានុវត្តភាព បញ្ហា​ប្រឈម ព្រមទាំង​រួមគ្នា​រិះរក​វិធានការ​ដោះស្រាយ​ប្រកប ដោយ​គំនិត​ច្នៃប្រឌិត និង​ការបំពេញភារកិច្ច​តាម​គន្លង​ថ្មី​ដើម្បី ផលប្រយោជន៍​រួម ជា​ពុទ្ធិ​ក្នុងការ ចូលរួមចំណែក​ពង្រឹង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​វិស័យ​ក​សិ​-​ទេស ចរណ៍ រួមគ្នា​ជួយ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចជាតិ និង​ការធានា​នូវ​ចីរភាព​បរិស្ថាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង