ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្មស្នើម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តជួយផលិករ និងសិប្បករកម្ពុជា លើការពង្រឹងផលិតកម្ម និងការអភិវឌ្ឍន៍ផលិតផលខ្មែរ

174

 

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨៖៣០នាទី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការតាំងបង្ហាញផលិតផលសិប្បកម្មកម្ពុជា “ ផលិតនៅសៀមរាប / Made in Siem Reap” ចាប់ពីថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២១ នៅនៅអគារ ៣១៣ Quayside លេខ៣៣០ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រោមការអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មបារាំង មន្ត្រីរាជការ តំណាងក្រុមហ៊ុន អង្គការ សមាគម ផលិតករ សិប្បករ និងអ្នករចនាម៉ូត សរុបប្រមាណ ២០០នាក់។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមហ៊ុន BEYOND RETAIL BUSINESS ក្រោមការគាំទ្ររបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំងប្រចាំនៅកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម សម្រាប់ផលិតផលដែលមានដើមកំណើត ផលិតនៅក្នុងខេត្តសៀមរាប គុណភាពខ្ពស់ ដើម្បីលើកតម្កើនផលិតផលក្នុងស្រុក និងជំរុញការធ្វើពិពិធកម្មលើផលិតផល និងទីផ្សារ។

កម្មវិធីផ្គូរផ្គងពាណិជ្ជកម្មសម្រាប់ផលិតផលសៀមរាប នេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលវិស័យសាធារណៈ និងឯកជនរួមគ្នារៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍ផលិតផល និងមនុស្ស ។ សកម្មភាពនេះ បានជួយនាំផ្លូវផលិតករកម្ពុជាបានស្គាល់ពីទំនោរទីផ្សារបច្ចុប្បន្ន យល់ពីគុណតម្លៃនៃការច្នៃម៉ូត ការអភិវឌ្ឍន៍ផលិតផល ដើម្បីទទួលបានតម្លៃបន្ថែមលើកផលិតផល និងសេវា។ ម្យ៉ាងទៀតសកម្មភាពនេះបានដើរស្របគ្នាជាមួយយុទ្ធសាស្រ្តអភិវឌ្ឍវិស័យពាណិជកម្ម ដោយក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួន ៦រដូវកាលកន្លងមកហើយ និងបានប្រមូលកៀរគរផលិតផលឆ្នើម គុណភាពខ្ពស់ពីគ្រប់បណ្តាញ មកដាក់តាំងបង្ហាញបង្កើតជាឱកាសទីផ្សារ និងជំរុញឲ្យមានការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរមា។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ បានជម្រាបអង្គពិធីទាំងមូលថា វិស័យពាណិជ្ជកម្ម បានរួមចំណែកយ៉ាងសំខា ន់ក្នុងការអភិវឌ្ឍ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជានៅតែមានឱកាសអាចនាំចេញ ទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ ដូច្នេះ សហគ្រិនកម្ពុជាត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតអភិវឌ្ឍន៍ផលិតផលសម្រាប់បំពេញតំរូវការទីផ្សារ។

ក្នុងឱកាសនេះដែរ លោកជំទាវ បានអំពាវនាវសុំម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងឡាយសូមរៀបចំផែនការជួយពង្រឹងផលិតកម្ម និងការអភិវឌ្ឍន៍ផលិតផលដោយធ្វើការដោយផ្ទាល់ជាមួយផលិតករ សិប្បករកម្ពុជានៅមូលដ្ឋាន។ ផលិតផលផលិតនៅសៀមរាប ដែលសំរិតសំរាំងជ្រើសរើសយកមកដាក់តាំងនៅទីនេះគឺជាស្នាដៃរបស់ផលិតករ និងអ្នកច្នៃម៉ូតខ្មែរ និងបរទេស ដែលខិតខំធ្វើការរួមគ្នាបង្កើតគំនិតផលិតទំនិញថ្មី គុណភាពខ្ពស់និងមានការគាំទ្រលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង